កាលពីខែវិច្ឆិកា រមណីយដ្ឋាន​អង្គររកប្រាក់ចំណូលជិត ៦លានដុល្លារពីការលក់សំបុត្រ

ថ្មី​ៗ​នេះគ្រឹះស្ថានអង្គររកប្រាក់ចំណូលជិត ៦ លាន​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ​​ជូន​ភ្ញៀវ​បរទេស កាលពី​​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ កន្លង​ទៅ។ នេះ​បើ​តាមរបាយការណ៍គ្រឹះស្ថានអង្គរ។

តាមដានជាមួយយើង៖ Million Times

ការ​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថានអង្គរ បាន​បង្ហាញ​ថា រយៈពេល​មួយ​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ក​ន្លង​ទៅ​ថ្មី​ៗ​នេះ គ្រឹះស្ថាន​អង្គរ បាន​ប្រាក់​ចំណូល ៥ ៩២០ ៨៧២ ​ដុល្លារ ពី​ការ​លក់​សំបុត្រ​ទៅ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ។

ក្នុង​សេចក្ដី​ប្រកាស​បាន​ឲ្យ​ដឹង​ថា កាលពី​ខែ​វិច្ឆិកា​កន្លង អ្នក​ទេសចរ​អន្តរជាតិ ១២៤ ១៣៦ នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែលចំនួននេះ មានការកើនឡើងជាង ២៧ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០២៣។

រយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែវិច្ឆិកាឆ្នាំ២០២៤នេះ ភ្ញៀវ​ទេសចរ​បរទេស​ទិញ​សំបុត្រចូលទស្សនាអង្គរមានចំនួន៨៩៨ ៣៣៩ នាក់ កើនឡើងជាង២៨ភាគរយ បើ​ធៀប​រយៈពេលដូចគ្នាឆ្នាំ ២០២៣ និង​ទទួល​បានប្រាក់ចំណូលចំនួន ៤១ ៩០៨ ៨៣៣ ដុល្លារ ដុល្លារ​អាមេរិក កើន​ឡើង​ជាង ២៨ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០២៣ កន្លងទៅ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប