អ្នកឧកញ៉ា គិត ម៉េង សម្ពោធជំនួញថ្មីគ្រប់គ្រងមូលនិធិវិនិយោគផ្តល់ផលកម្រៃខ្ពស់


អ្នកឧកញ៉ា គិត ម៉េង សម្ពោធជំនួញថ្មីមួយទៀតមានឈ្មោះថា រ៉ូយ៉ាល់ គ្រុបហ្វាន់ ជាមួយនឹងគម្រោងវិនិយោគរួមចំនួន២ ដែលនឹងចូលរួមក្នុងការពង្រីកគម្រោងវិនិយោគបន្ថែម លើគម្រោងវិនិយោគដែលមានស្រាប់នៅក្នុងទីផ្សារ ព្រមទាំងចូលរួមអភិវឌ្ឍបន្ថែមលើមូលធនទីផ្សាររបស់កម្ពុជា ដើម្បីជាអត្ថប្រយោជន៍បន្ថែមដល់វិនិយោគិនថ្មីៗ ក៏ដូចជាវិនិយោគិនដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

គម្រោងវិនិយោគរួមទាំង២ ដែលដាក់សម្ពោធជាផ្លូវការនាថ្ងៃទី ២៩ខែវិច្ឆិកា ឆ្នាំ២០២៤ មានឈ្មោះថា «Fixed Income Funds និង Distressed Asset Fund» គឺជាគម្រោងវិនិយោគគ្មានកាលកំណត់ ដែលបង្កើតឡើងជូនដល់វិនិយោគិន ដើម្បីជាឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា។

តាមដានជាមួយយើង៖ Million Times

គម្រោងវិនិយោគទាំងពីរនេះ មានកម្រិតហានិភ័យខុសៗគ្នា តែការអនុវត្តតាមលក្ខខណ្ឌដ៏តឹងរឹង រួមជាមួយការគ្រប់គ្រងយ៉ាងហ្មត់ចត់ក្នុងការវិភាគ ដើម្បីបង្កើនឱកាសវិនិយោគដែលមានសក្តានុពល។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបហ្វាន់ គឺជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ដែលទទួលបានអាជ្ញាប័ណ្ណពីនិយ័តករមូលបត្រកម្ពុជា ក្នុងការផ្តល់ជូនការវិនិយោគមូលនិធិដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក ក្រោមគម្រោងវិនិយោគរួម។

គម្រោង Fixed Income Fund គឺជាគម្រោងមូលនិធិដែលមានការបត់បែន និងផ្តល់ជូនប្រាក់កម្រៃដោយសេ្ថរភាព។ គម្រោងនេះ គឺផ្តោតសំខាន់លើការវិនិយោគលើផលិតផលគម្រោងវិនិយោគ ដែលមានគុណភាពខ្ពស់ដូចជា ប័ណ្ណបំណុល និងការដាក់ប្រាក់បញ្ញើរមានកាលកំណត់ជាមួយស្ថាប័ន ដែលមានអាជ្ញាប័ណ្ណ និងមានប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំណែកគម្រោង Distressed Asset Fund បានបង្កើតឡើងដើម្បីផ្តល់ផលចំណេញពីទីផ្សារ តាមរយៈការទាញយកឱកាសទីផ្សារដែលតម្លៃរបស់ទ្រព្យកំពុងមានការធ្លាក់ចុះ។

គម្រោងវិនិយោគទាំងពីរនេះ ត្រូវបានកំណត់និងវិនិយោគជាយុទ្ធសាស្រ្ត លើទ្រព្យកម្មសិទ្ធិដែលមានបញ្ហា ឬហៅថា Distressed Assets ដោយការវិភាគពីទីផ្សារ និងអ្នកជំនាញគ្រប់គ្រងទ្រព្យកម្មសិទ្ធិ។ គម្រោងនេះនឹងស្វែងរកឱកាស និងបទពិសោធន៍វិនិយោគផ្សេងៗដើម្បីធានាថាវិនិយោគិន នឹងទទួលបានអត្ថប្រយោជន៍ និងផលកម្រៃខ្ពស់ ដែលក្រុមហ៊ុននឹងផ្តល់ជូន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ Royal Group