រយៈពេល ១០ ខែនៃឆ្នាំ ២០២៤ នេះ ការតភ្ជាប់ជើងហោះហើររវាងកម្ពុជា និងប្រទេសចិន ទទួលបានអ្នកដំណើរ ជាង ៧៣ ម៉ឺននាក់ ដែលនោះធ្វើឲ្យមានកំណើន ៨៣% បើធៀបនឹងរយៈពេល ១០ ខែកាលពីឆ្នាំ ២០២៣។
ចំណែកចំនួនជើងហោះហើររវាងកម្ពុជា-ចិន ត្រឹមរយៈពេល ១០ ខែនេះ មាន ៥ ៤៨៦ ជើង កើនឡើង ៦០% បើធៀបនឹង១០ ខែ កាលពីឆ្នាំមុន ខណៈការដឹកជញ្ជូនទំនិញវិញ មាន ៦ ៣៤១ តោន កើនឡើង ៣៨ %ធៀបនឹងឆ្នាំ ២០២៣ ដូចគ្នា។ នេះបើតាមការចុះផ្សាយពីព័ត៌មាន Fresh News ដែលសម្ភាសន៍លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកាលពីថ្ងៃ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ ដែលបានដំណើរការហោះហើរទៅមករវាងកម្ពុជាសាធារណរដ្ឋប្រជាមានិតចិន មាន ៨ និងមានហោះហើរសរុប ១៦០ ជើងក្នុងមួយសប្តាហ៍។
ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍កម្ពុជាមាន ២ គឺ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air និង Cambodia Airways ដែលបានភ្ជាប់ជើងហោះហើរ ទៅមកពីភ្នំពេញទៅកាន់ ៩ ទីក្រុងនៅប្រទេសចិន រួមមាន ទីក្រុងក្វាងចូវ ហ្សិនចូវ ណាងនីង ស៊ានយ៉ា ធានហ្វូ ណានថុង ស៊ិនជិន ហៃគូ និងជុងជីង។ រីឯក្រុមហ៊ុនអាកាសចរណ៍ចិនមាន ៦ រួមមានក្រុមហ៊ុនអាកាសចរណ៍ Air China , China Southern Airlines, China Easternes, Spring Airlines , Shenzhen Airlines និង Xiamen Airlines ដែលបានតភ្ជាប់ជើងហោះហើរមកទៅរវាងទីក្រុងប៉េកាំង ក្វាងចូវ សៀងហៃ ស៊ិនជិន គុនមីង ស្យាមិន ចុងជិង មកភ្នំពេញ។
ចំណែកជើងហោះហើរដែលបានភ្ជាប់ជាមួយអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានតភ្ជាប់ ១ទីក្រុង គឺ គុនមីង-សៀមរាប ដែលបានហោះហើរ ៦ជើងក្នុងមួយសប្តាហ៍៕
អត្ថបទ៖ មេរ៉ា, រូបភាព Cambodia Airways