នារដូវលំហើយប្រជាកសិករខ្មែរចាប់ផ្ដើមប្រមូលផលស្រូវហើយ ក្នុងនោះជនជាតិដើមភាគតិចនៅមណ្ឌលគិរី ក៏ដូចកសិករទូទៅផងដែរ។ តែមានភាពខុសប្លែកគ្នាត្រង់ប្រជាកសិករទូទៅតំបន់ទំនាបកណ្ដាល ប្រមូលផលស្រូវរដូវវស្សាដោយការច្រូតកាត់ ហើយខាងជនជាតិដើមភាគតិច ធ្វើឡើងដោយដៃផ្ទាល់។ នេះបើតាមការចុះផ្សាយមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីផ្ទាល់។
ជនជាតិដើមភាគតិចរស់នៅតំបន់ខ្ពង់រាប មានរបៀបប្រមូលផលស្រូវបូតដោយដៃ រួចបុកនិងត្បាល់អង្រែធំៗតាមវិធីសាស្ត្របុរាណ។ លោក ភី ងូក ជាជនជាតិដើមភាគតិចព្នង និងជាចៅសង្កាត់រមនា ក្រុងសែនមនោរម្យ ក៏ជាម្ចាស់ចម្ការផ្ទាល់ មានផ្ទៃដីជិត ១ ហិកតា នៅភូមិពូតាំង បានឲ្យដឹងថា ការប្រមូលផលស្រូវ បូតដោយដៃនេះ គឺជាប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណ ហើយស្រូវប្រភេទនេះ ជនជាតិដើមភាគតិច តែងតែធ្វើការដាំដុះនៅតាមចង្កេះភ្នំ ឬចម្ការជម្រាលមាត់អូរ ត្រង់នេះមួយដុំ ត្រង់នោះមួយដុំ នៅតំបន់មួយចំនួនក្នុងខេត្តមណ្ឌលគិរី។
ស្រូវអង្ករដែលជនជាតិដើមភាគតិចព្នង បង្កបង្កើនផលតាមចម្ការមានលក្ខណៈខុសពីស្រូវប្រជាកសិករទូទៅ ហើយមានរសជាតិឆ្ងាញ់ និងមិនប្រើសារធាតុគីមីនោះទេ។ សម្រាប់ការដាំដុះស្រូវនេះ ចាប់ពីចន្លោះខែឧសភា មិថុនា រហូតដល់ស្រូវទុំចាប់ពីខែវិច្ឆិកា និងខែធ្នូ ចាប់ផ្ដើមប្រមូលផល ប្រវាស់ដៃគ្នានៅក្នុងភូមិ ដើម្បីជួយគ្នាទៅវិញទៅមក។
ចៅសង្កាត់បានបន្តថា ប្រជាពលរដ្ឋនៅសង្កាត់រមនានេះភាគច្រើនប្រកបមុខរបរ កសិកម្មប្រមាណ ៩៥ %។ លោកក៏សំណូមពរប្រជាពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិច នៅក្នុងខេត្ត ត្រូវចូលរួមថែរក្សាប្រពៃណី ទំនៀមទម្លាប់ សាសនា កុំឲ្យបាត់បង់ ហើយត្រូវបន្តខិតខំដាំដុះដំណាំយូរអង្វែង និងដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅទូទាំងខេត្ត មានផ្ទៃដីប្រមូលផលស្រូវចម្ការសរុប ២១៤ ហិកតា ស្មើនឹង ២០,៨៤% លើផ្ទៃដីអនុវត្តបានទិន្នផលមធ្យម ១,០៦៨តោន/ហិកតា បរិមាណផលសរុប ២២៨តោន៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី