ក្រោយអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានបោះពុម្ពសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ដល់ទៅខ្ទង់ម៉ឺនក្បាល មានទាំងសហគ្រិន បុគ្គលល្បីៗ និងលំដាប់អ្នកឧកញ៉ា ឧកញ៉ាជាច្រើន បានជាវសៀវភៅដ៏ពិសិដ្ឋនោះទៅអាន ដើម្បីបង្កើនចំណេះដឹង និងសិក្សាពីយុទ្ធសាស្ត្រក្នុងពិភពជំនួញបន្ថែម។
បើទោះជាសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» លក់ដាច់ក៏ពិតមែន ប៉ុន្តែសេដ្ឋីផ្នែកជំនួញ គឺបណ្ឌិត សំ សុខនឿន ផ្ទាល់ក៏មិនភ្លេចគិតទៅដល់ទំពាំងជំនាន់ក្រោយនៃកម្ពុជាឡើយ ដោយលោកបានឧបត្ថម្ភទៅដល់បណ្ណាល័យ និងផ្នែកផ្សេងៗទុកឲ្យសិស្សនិស្សិតអាន បង្កើនចំណេះដឹងជួយដល់ការសិក្សា ហើយទុកជាដើមទុន ពេលចេញប្រកបរបររកស៊ី។
ដោយកាលពីថ្ងៃ ២៥ វិច្ឆិកា អ្នកឧកញ៉ាសំ សុខនឿន បានប្រគល់សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ា អចលនទ្រព្យ» ៥ ក្បាល ជូនសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈ សាស្ត្រាចារ្យ បណ្ឌិត ភូ សម្បត្តិ ប្រធានដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ។ ការប្រគល់សំណៅឯកសារពាក់ព័ន្ធនឹងការកសាងគ្រឹះក្នុងវិស័យអចលនទ្រព្យ ដឹកនាំជីវិត និងអាជីវកម្មរបស់អ្នកឧកញ៉ា សំ សុខនឿន ទៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីតម្កល់ជាប្រយោជន៍ដល់ការសិក្សាជ្រាវរបស់សិស្ស និស្សិត បញ្ញវន្ត សាស្ត្រាចារ្យ ទុកជាឯកសារបន្ថែម។
នៅថ្ងៃដដែលសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ៥ ក្បាល ទៀតត្រូវបានប្រគល់ជូនដល់បណ្ណាល័យសម្តេចតេជោ ហ៊ុន សែន តាមរយៈលោក នៅ វណ្ណា ដែលជាប្រធានបណ្ណាល័យ ហ៊ុន សែន។ គោលបំណងក្នុងការប្រគល់សំណៅឯកសារពាក់ព័ន្ធនឹងការកសាងគ្រឹះក្នុងវិស័យអចលនទ្រព្យ ដឹកនាំជីវិត និងអាជីវកម្មរបស់អ្នកឧកញ៉ា សំ សុខនឿន ដល់បណ្ណាល័យ ដើម្បីតម្កល់ជាប្រយោជន៍ដល់មហាជន ទុកជាឯកសារបន្ថែម។
ក្រៅពីប្រគល់សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ហើយ អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេធី ស្ទៀល ស្ត្រាក់ឈ័រ ឯ.ក ក៏បានជជែកពិភាក្សាជាមួយសាស្ត្រាចារ្យនៅក្នុង បណ្ណាល័យសម្តេចតេជោ ហ៊ុន សែន ផងដែរ។
សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» នេះនៅតែមានការពេញនិយមជាវពីបុគ្គលដែលមានជំនួញច្រើនទៅចែករំលែកបន្តបន្ទាប់៕
អត្ថបទ៖ មេរ៉ា, រូបភាព FB Dr. Sam Soknoeun