នាយករដ្ឋមន្រ្តី៖ គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការរាំងស្ទះដូចការផ្សព្វផ្សាយនូវព័ត៌មានមិនពិតនោះទេ

សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការរាំងស្ទះដូចការផ្សព្វផ្សាយនូវព័ត៌មានមិនពិតនោះទេ តែក្រុមការងារជំនាញកំពុងរៀបចំនីតិវិធីតាមដំណាក់កាលៗ ដោយកំណត់និយាមការពីផលប៉ះពាល់ ជាពិសេសការដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋពាក់ព័ន្ធនឹងគម្រោងព្រែកជីកនេះ។

ការចេញមកបញ្ជាក់ពីដំណើរព្រែកជីកហ្វូណនតេជោរបស់ប្រមុខរាជរដ្ឋាភិបាលធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយព័ត៌មានថា ដំណើរការជីកព្រែកហ្វូណនតេជោ ត្រូវបានផ្អាកដោយសារតែក្រុមហ៊ុនដៃគូ មិនមានថវិកាគ្រប់គ្រាន់ដើម្បីបន្តសកម្មភាពរបស់ខ្លួន។

ក្នុងឱកាសចូលរួមបិទអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកានេះ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «អីឡូវខ្ញុំឃើញគេថា ព្រែកជីកហ្វូណនអស់លុយធ្វើអីណាទៀតហើយ និយាយទៅជាអ៊ឹចឹងកើត ថាអត់ដឹងរឿងចុះខ្ញុំករុណាមិនថា ប៉ុន្តែ អ្នកដឹងរឿងហើយនេះ នៅតែមានចេតនានិយាយមិនពិត ដើម្បីឱ្យអ្នកផ្សេងជឿខុស […] រឿងព្រែកជីក យើងបុកគ្រឹះនៅថ្ងៃទី២៥ ខែសីហា មិនទាន់បានអីផងមានអ្នកស្រែកថាយើងបំផ្លាញផ្ទះពលរដ្ឋ អ៊ឹចឹងយើងមិនទាន់ធ្វើអីគេយើងអស់លុយធ្វើមិនចេញ វៃហើយស្ងាត់ ខ្ញុំសូមបញ្ជូនសារទៅប្រាប់នីតិវិធី គេមិនមែនធ្វើគេមិនមែនសម្ពោធហើយទៅដល់ឈូសឆាយនោះទេ គេត្រូវកំណត់និយាមការឱ្យបានច្បាស់លាស់ ពិនិត្យឡើងវិញកន្លែងណាត្រាយផ្លូវ ចុះដោះស្រាយផលប៉ះពាល់ជាមួយប្រជាជនហើយទើបដាក់គ្រឿងចាក់ទៅជីក»

សម្តេចថ្លែងថា ដំណើរការជីកព្រែកហ្វូនណនតេជោ គឺរាជរដ្ឋាភិបាល បានសិក្សាយ៉ាងច្បាស់លាស់ពីផលប៉ះពាល់ចំពោះប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងស្ថាបនាព្រែកជីក ហើយចំណុចនេះ គឺរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងការទទួលខុសត្រូវប្រកបដោយគុណធម៌ចំពោះប្រជាជន។

សម្តេចក៏បានគូសបញ្ជាក់ថា នៅខែនេះជារដូវវស្សា ដូច្នេះ សួរថាតើអាចដំណើរការជីកព្រែកទៅរួច ឬទេ? ត្រង់ចំណុចនេះក្រុមការងារជំនាញបានកំណត់យ៉ាងច្បាស់លាស់ ជាពិសេសកំណត់ទីតាំងតម្រាយមួយចំនួនទៀត ដើម្បីកុំឱ្យប៉ះពាល់ដល់ទីតាំងបូរាណដ្ឋានជាដើម។

សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងបន្ថែមថា៖ «បើប្រជាពលរដ្ឋដែលលោកមិនបានដឹងព័ត៌មានច្បាស់នោះវាមិនអីនោះទេ ប៉ុន្តែមានអ្នកនយោបាយខ្លះដឹងច្បាស់ក្រឡែត តែនៅតែបន្លាចប្រជាពលរដ្ឋ អាហ្នឹងមិនដឹងថាម៉េចទេបាបយ៉ាងខ្ញុំករុណាមិនដឹងទេ អ៊ឹចឹងនយោបាយក៏ត្រូវពឹងផ្អែកទៅលើសច្ចៈភាពដែលធម៌បានផ្តល់ដែរ»

គួរឲ្យដឹងថា គម្រោង «ព្រែកជីកហ្វូណនតេជោ» បានបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលរំពឹងថានឹងក្លាយជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ពីព្រោះថា ព្រែកជីកនេះ គឺជាការតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ (ដៃទន្លេ) ទៅនឹងផ្លូវដឹកជញ្ជូនសមុទ្រឆ្លងកាត់ ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែងសរុប ១៨០ គីឡូម៉ែត្រ និងមានការសិក្សា យ៉ាងលម្អិតលើផលប៉ះពាល់សង្គម-បរិស្ថានក្នុងកម្រិតទាបបំផុត ក្នុងនោះ ការចំណាយលើគម្រោងនេះ ត្រូវបានប៉ាន់ស្មានថវិកាចំនួន ១.៧០០ លានដុល្លាអាមេរិក ក្រោមទម្រង់វិនិយោគ BOT (កិច្ចសន្យាសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ) ដែលភាគហ៊ុនវិស័យឯកជនក្នុងស្រុក មានចំនួនរហូតដល់ទៅ ៥១% នៃថវិកាគម្រោង ហើយរាជរដ្ឋាភិបាលបានគោរពតាមច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវបំផុត៕

អត្ថបទ៖ ផល សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី