នាយករដ្ឋមន្ត្រីថៃអះអាងថា សេដ្ឋកិច្ចក្នុងឆ្នាំនេះ ត្រូវបានជំរុញដោយកំណើនភ្ញៀវអន្តរជាតិ

លោកស្រី Paethongtarn Shinawatra នាយករដ្ឋមន្ត្រីថៃបានអះអាងថា កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះ នឹងសម្រេចបាន ២,៧% ជំរុញដោយការកើនឡើងនៃភ្ញៀវទេសចរណ៍បរទេស។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Businesstimes បានចុះផ្សាយថា រដ្ឋាភិបាលថៃរំពឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរណ៍បរទេស ប្រមាណ ៣៦លាននាក់នៅក្នុងឆ្នាំនេះ ពោលគឺកើនឡើង ២៨% ធៀបនឹងឆ្នាំមុន។

នាយករដ្ឋមន្ត្រីថៃវ័យក្មេងបំផុតរូបនេះបន្តទៀតថា សេដ្ឋកិច្ចនៃប្រទេសថៃ នឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ ដោយរដ្ឋាភិបាលកំពុងបន្តចាយលុយច្រើនជាង ៩៦០ពាន់លានបាត ក្នុងការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគទាំងឡាយ មកបណ្ដាក់ទុនបន្ថែមនៅក្នុងស្រុក។

កំណើនសេដ្ឋកិច្ចថៃប្រចាំត្រីមាសទី៣ សម្រេចបាន ៣% ជាចំណុចកើនឡើងលឿនបំផុតរយៈពេល ២ឆ្នាំចុងក្រោយ ក៏ប៉ុន្តែក្រុមអ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា នាឆ្នាំក្រោយសេដ្ឋកិច្ចថៃ នឹងប្រឈមជាមួយបញ្ហារាំងស្ទះមួយចំនួន បណ្ដាលមកពីហានិភ័យនៃសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាច។

តែយ៉ាងណា រដ្ឋាភិបាលថៃនៅតែអះអាងយ៉ាងមុះមុតថា ស្ថានភាពសេដ្ឋកិច្ចថៃ នឹងបន្តមានភាពវិជ្ជមានរហូតដល់ឆ្នាំ២០២៧ ដោយសំអាងលើការជំរុញពីវិស័យទេសចរណ៍ ដែលកំពុងមានសន្ទុះ និងគោលនយោបាយគាំទ្រវិនិយោគិនបរទេសរបស់ខ្លួន៕

អត្ថបទ៖ Luffy រូបភាព៖ CNN