ឆ្លើយទៅកាន់ក្រុមប្រឆាំងនៅក្រៅស្រុកពាក់ព័ន្ធនឹងតំបន់កោះគុត ជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ប្រធានព្រឹទ្ទសភាបានអំពាវនាវដល់ប្រជាពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃ និងអំពាវនាវដល់កងទ័ពទាំងជើងទឹក និងជើងគោកទាំងអស់ មិនត្រូវចល័តកម្លាំងទៅតំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅកោះគុតនោះឡើយ។
ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានថ្លែងថា តំបន់កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ខណៈកោះនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយ ប៉ុន្តែមានជនអគតិមួយក្តាប់តូច ដែលគេស្គាល់ថាក្រុមក្បត់ជាតិបីជំនាន់ កំពុងតែធ្វើការញុះញង់អុចអាលលើបញ្ហានេះ ហើយការញុះញង់បែបនេះអាចនឹងធ្វើឲ្យកម្ពុជា និងថៃឈានដល់មានការផ្ទុះអាវុធ។
ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សម្ដេច ហ៊ុន សែន បានថ្លែងបញ្ជាក់នូវកត្តាចំនួន ២យ៉ាងធំៗដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនគឺការឯកភាពផ្ទៃក្នុង និងសន្តិភាពជាមួយប្រទេសជិតខាង។
សម្តេចបញ្ជាក់ថា ការប្តឹងផ្តល់គ្នាទៅតុលាការអន្តរជាតិលើបញ្ហា កោះគុតតាមការញុះញង់របស់ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេសនោះមិនមែនជាការងាយស្រួលនោះទេ។ ទន្ទឹងនេះ សម្ដេចអំពាវនាវដល់ប្រជាពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត ហើយសង្ឃឹមថាខាងអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។
សម្តេចប្រធានព្រឹទ្ធសភា ថ្លែងផ្តាំទៅក្រុមប្រឆាំងដែលកំពុងរត់ចោលស្រុក និងបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ថា «ដំបៅមិនឈឺកុំយកឈឺរុក» ខណៈបញ្ហាកោះគុត រាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងរកដំណោះស្រាយគ្នាដោយសន្តិភាពវិធី។
បន្ថែមទៀតនោះ សម្ដេចអំពាវនាវដល់កងទ័ពទាំងជើងទឹក និងជើងគោកទាំងអស់ មិនត្រូវចល័តកម្លាំងទៅតំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅកោះគុតនោះឡើយ។ សម្ដេចបញ្ជាក់បន្ថែមទៀតថា កម្ពុជា និងថៃនៅតែបន្តចរចាពីបញ្ហានេះដោយសន្តិវិធីនៅឡើយ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ