ក្រុមហ៊ុនចិនគ្រោងទម្លាក់ទុន ១.៣ ពាន់លានដុល្លារ បើកសួនឧស្សាហកម្មថ្មីនៅកំពង់ស្ពឺ កែច្នៃផលិតផល​ខ្មែរ

នៅក្នុងជំនួបជាមួយអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លង​ទៅ នៅអាគាររដ្ឋបាលខេត្ត អ្នកវិនិយោគមកពីចិន លោកស្រី ចាង វេនហ្សា អគ្គ​នាយិកា​ក្រុមហ៊ុន ARK Electronics Group បានអះអាងថា ក្រុម​ហ៊ុន​លោក​ស្រី​នឹង​ទម្លាក់​ទុន​ប្រមាណ ១.៣ ពាន់​លាន​ដុល្លារ ដើម្បី​បង្កើត​សួន​ឧស្សាហកម្ម លើ​ទំហំ​ដី ១០០០ ហិកតា នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

តាមដានជាមួយយើង៖ Million Times

លោកស្រី ចាង វេនហ្សា បាន​លើក​ឡើង​ថា កំពង់ស្ពឺ គឺជា​ខេត្ត​ដែល​មាន​សក្ដានុពល​ខ្លាំង​ស្រប​តាម​ចក្ខុវិស័យ​របស់​លោកស្រី​ដែល​ចង់​ដាក់​ទុន​រកស៊ី ពិសេស​ជា​ខេត្ត​គោលដៅ សម្រាប់​ក្រុមហ៊ុន​ដាក់​ស្នាក់​ការ​កណ្ដាល សម្រាប់​កិច្ចការ​ទីផ្សារ​កម្ពុជា អាស៊ីអាគ្នេយ៍ និង​អន្តរជាតិ។

អគ្គ​នាយិកា​ក្រុមហ៊ុន ARK Electronics Group បញ្ជាក់​ថា ឆាប់​ៗ​ខាង​មុខ​នេះ​បាន​បញ្ជាក់ថា សួន​ឧស្សាហកម្ម​ដែល​ក្រុមហ៊ុន​គ្រោង​នឹង​បើក​នេះ គឺ​ផ្ដោត​លើ​កែ​ច្នៃ​ផលិតផល​កសិកម្ម ជាមួយ​នឹង​អត្តសញ្ញាណ និង​យីហោ​ផលិតផល​ខ្មែរ ធ្វើ​សួន​ឧស្សាហកម្ម បង្គំ​គ្រឿង​អេឡិចត្រូនិក និង​ផលិត​ឈីប​ពាក់​កណ្ដាល​សម្រេច​ ព្រម​ទាំង​សួន​ឧស្សាហកម្ម​ដទៃ​ទៀត ដែល​បម្រើ​ឲ្យ​តម្រូវការ​ជាក់ស្ដែង​របស់​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​នៅ​ឯ​ប្រទេស​ចិន។

ក្នុង​គម្រោង​នេះ នឹង​មាន​សួន​ឧស្សាហកម្ម​សរុប ១៤ ដែល​នឹង​ត្រូវ​ស្ថាបនា​លើ​ផ្ទៃដី​ប្រមាណ ១០០០ ហិកតា ក្រោម​ទុន​វិនិយោគ​ប្រមាណ ១.៣ ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​រំពឹង​ថា​នឹង​ប្រើប្រាស់​កម្លាំង​កម្មករ កម្មការិនី សរុប​ជាង ៣ ០០០ នាក់។

ជុំវិញ​រឿង​នេះ​អភិបាល​ខេត្ត​កំពង់ស្ពឺ ជាម ច័ន្ទសោភ័ណ បាន​លើក​ឡើង​ថា ការ​ជ្រើស​យក​ខេត្ត​កំពង់ស្ពឺ ជា​ខេត្ត​គោល​ដៅ សម្រាប់​វិនិយោគ​របស់​ក្រុមហ៊ុន​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ហើយ​លោក​រំពឹង​ថា វត្តមាន​សួន​ឧស្សាហកម្ម​ថ្មី​មួយ​នេះ នឹង​ជួយ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ និង​បណ្ដា​ខេត្ត​ផ្សេង​ទៀត។

នាយិកា​ក្រុមហ៊ុន​នេះ បញ្ជាក់​ថា សួនឧស្សាហកម្មថ្មីនេះ នឹង​ដំណើការ​ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា AI និង Technology ឧស្សាហកម្ម​ចុង​ក្រោយ​បំផុត (360° Service System) ដែល​អាច​សន្និដ្ឋាន​បាន​ថា ជា​​សួន​ឧស្សាហកម្ម​ដែល​នាំ​មក​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ ឲ្យ​មាន​វត្តមាន​នៅ​កម្ពុជា៕

អត្ថបទ៖ មេរ៉ា, រូបភាព cpp.org.kh