លោក អ៊ិន ចាន់នី បានអះអាងថា ធនាគារអេស៊ីលីដា មិនធ្លាប់ឆបោក ឬការផ្ទេរទូទាត់ប្រាក់ដែលមានការសង្ស័យឡើយ ផ្ទុយទៅវិញ ធនាគាររបស់លោកបានរាយការណ៍ទៅកាន់សមត្ថកិច្ចផ្នែកហិរញ្ញវត្ថុ ដើម្បីស៊ើបអង្កេតទៅលើបញ្ហាចាំបាច់ ឬសង្ស័យណាមួយ។
នៅវេទិកាផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងវិស័យហិរញ្ញវត្ថុ ពេលថ្មីៗនេះ ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លោក អ៊ិន ចាន់នី បានបញ្ជាក់ថា ធនាគារអេស៊ីលីដា ក្នុងនាមជាធនាគារដែលបម្រើក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាជាច្រើនឆ្នាំកន្លងមក មិនទាន់មានការប្រើប្រាស់ប្រតិបត្តិការក្នុងធនាគារទៅលើការឆបោក ឬការផ្ទេរទូទាត់ប្រាក់ដែលមានការសង្ស័យឡើយ ហើយកន្លងមកធនាគារភាគច្រើននឹងរាយការណ៍ទៅដល់អាជ្ញាធរផ្នែកហិរញ្ញវត្ថុ ដើម្បីស៊ើបអង្កេតទៅលើបញ្ហាចាំបាច់ ឬសង្ស័យណាមួយជាក់ជាមិនខាន។
លោកបានសង្កត់ធ្ងន់ថា ខាងធនាគារអេស៊ីលីដា មិនអនុញ្ញាតឲ្យមូលនិធិ បើកបញ្ជីធនាគារជាឯកត្តជន។ ខាងធនាគារតាមសង្កេតមើលមិនឲ្យមានប្រតិបត្តិការណាដែលគ្មានចុះបញ្ជីអាជីវកម្ម គឺត្រូវការរាយការណ៍ទៅអង្គភាពអាណាព្យាបាល គឺអង្គភាពប្រឆាំងសម្អាតសាច់ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយសុំការអនុញ្ញាតទប់ស្កាត់បិទមិនឲ្យគណនីនោះមានប្រតិបត្តិការ ឬឃាត់មូលនិធិនោះទុក ដើម្បីឲ្យមានការអនុញ្ញាតពីសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធជាមុនសិន។
ក្នុងវេទិកាផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ នាយកប្រតិបត្តិរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា ខាងធនាគារអេស៊ីលីដា តាមមើលល្អិតល្អន់លើបញ្ជីណាដែលខុសប្រក្រតី ហើយរាយការណ៍ទៅកាន់សមត្ថកិច្ចផ្នែកហិរញ្ញវត្ថុ។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២៤ បានបង្ហាញថា ធនាគារអេស៊ីលីដា រកប្រាក់ចំណូលបានប្រមាណ ២១៩លានដុល្លារកើនឡើងចំនួន ៣.៤៨% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ក្នុងនោះប្រាក់ចំណេញប្រតិបត្តិការបានថយចុះចំនួន ១៨.៤១%។ ចំណែកប្រាក់ចំណេញបានថយចុះរហូតដល់ទៅ ៥៤.០៦% ដោយត្រឹមត្រីមាសទី៣នេះ អេស៊ីលីដាសម្រេចបានប្រាក់ចំណេញចំនួន ១៨.៥៤ដុល្លារពោលគឺប្រាក់ចំណេញថយចុះរហូតដល់ទៅ២១លានដុល្លារ។
បើយោងតាមរបាយការណ៍ដដែលនេះ មូលហេតុដែលធ្វើឲ្យធនាគារ អេស៊ីលីដា បានធ្លាក់ចុះនៃប្រាក់ចំណេញគឺដោយសារធនាគារអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន។ ធនាគារបានបង្កើននូវសំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃចំនួន ២៩,៩២ លានដុល្លារអាមេរិក ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ ជាលទ្ធផលប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ សម្រេចបាន ១៨,៥៤ លានដុល្លារអាមេរិក (ឬ ៧៥,៨១ ប៊ីលានរៀល)៕
អត្ថបទ៖ មេរ៉ា រូបភាព៖ បណ្តាញសង្គម