ផ.ស.ស.សម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងកើនដល់ជិត ៣​ ពាន់ដុល្លារ

ផ.ស.ស.សម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងកើនដល់ជិត ៣​ ពាន់ដុល្លារ

ផលិតផល​ក្នុង​ស្រុក​ (ផ.ស.ស) សម្រាប់​មនុស្ស​ម្នាក់នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៥ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាព្យាកររំពឹងថា​នឹងកើនដល់ ២ ៩២៤ដុល្លារអាមេរិក ដែល​ចំនួន​នេះ​មានការ​​កើន​ឡើង​ប្រមាណ ៧,៨​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២៤ ខណៈដែលសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦.៣%។

បើយោងតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា យោងលើការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦.៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ពាន់លានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨លានដុល្លារអាមេរិក ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ២ ៩២៤ដុល្លារអាមេរិក។

តាមដានជាមួយយើង៖ Million Times

សេចក្តី​ប្រកាស​ព័ត៌មានបានឲ្យដឹងថា ការរំពឹងទុកនៃកំណើន ៦,៣% ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ទី១. វិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៦% ទី២. វិស័យសេវាកម្ម នឹងមានកំណើន ៥,៦% និងទី៣. វិស័យកសិកម្ម នឹងកើនឡើង ១,១%។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុងនោះ វិស័យសង្គមកិច្ចនៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១។

យោងតាមឯកសារថវិកាសង្ខេបប្រចាំឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផលិតផល​ក្នុង​ស្រុក ហៅកាត់ ផ.ស.ស ឬចំណូលមធ្យមរបស់មនុស្សម្នាក់ៗនៅឆ្នាំ២០២៤ ត្រូវរំពឹងថានឹងកើនដល់ ២ ០៧១ ដុល្លារ ពីចំនួនប៉ាន់ស្មាន ១ ៩១៧ ដុល្លារ ក្នុងឆ្នាំ២០២៣ ខណៈកាលពីឆ្នាំ២០២២ មានចំនួន១ ៧៨៤ ដុល្លារ។

សូមជម្រាបថា កម្ពុជាបានចាកចេញពីប្រទេសដែលមានចំណូលទាបក្នុងឆ្នាំ២០១៥ មកជាប្រទេសដែលចំណូលមធ្យមកម្រិតទាប​ ដោយទំហំផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) កើនឡើងប្រមាណ ១០ ដង ពីប្រមាណ ៣.១១ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ១៩៩៨ ដល់ប្រមាណ ២៩.៦០ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២២។ ជាមួយគ្នានេះ ផ.ស.ស. សម្រាប់មនុស្សម្នាក់ បានកើនឡើងរហូតដល់ ៧ ដង គឺពីប្រមាណ ២៥៣ ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៨ ដល់ប្រមាណ ១ ៧៨៤ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។

​ជាមួយនឹងកំណើនខ្ពស់ និងពិពិធកម្មសេដ្ឋកិច្ច កម្ពុជាបានដាក់ចេញនូវមហិច្ឆតារបស់ខ្លួន នៅក្នុងដំណើរអភិវឌ្ឍន៍វែងឆ្ងាយ គឺការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០​​ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី