ក្រុមហ៊ុនបារាំង បើកដំណើរការរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរ តម្លៃ ៩លានដុល្លារ

ក្រុមហ៊ុនបារាំង បើកដំណើរការរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរ តម្លៃ ៩លានដុល្លារ

ក្រុមហ៊ុនផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗធ្វើពីលោហៈ និងប្លាស្ទិករបស់បារាំង បើកដំណើរការខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

រោងចក្រដែលបើកដំណើរការនាពេលនេះ មានឈ្មោះថា ក្រុមហ៊ុន Metal Jewelry Cambodia ក្រោមការវិនិយោគពីក្រុមហ៊ុនបារាំង International Metal and Jewelry Co., Ltd ដែលទទួលបានគោលការណ៍អនុញ្ញាឱ្យវិនិយោគបង្កើតរោងចក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលពីខែមិថុនា ឆ្នាំ២០២៣ ក្នុងទំហំទឹកប្រាក់​ប្រ​មាណ ៩​លាន​ដុល្លារ​។

តាមដានជាមួយយើង៖ Million Times

ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Metal Jewelry Cambodia គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតគ្រឿងអលង្ការនិងគ្រឿងលម្អដែលជាម៉ាកល្បី និងប្រណិតរបស់បារាំង (French Luxury Group)។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានកម្លាំងពលកម្មដ៏មានសក្តានុពល និងមានបរិយាកាសធុរកិច្ចប្រកដោយភាពអំណោយផល។ លោកថា វត្តមានរបស់ក្រុមហ៊ុន មិនត្រឹមតែអាចជួយជំរុញសេដ្ឋកិច្ច និងចូលរួមបង្កើតការងារដែលមានបន្ថែមតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មគ្រឿងអលង្ការរបស់របស់កម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងសិល្បៈហត្ថកម្មកម្រិតស្តង់ដារពិភពលោក មកកាន់កម្ពុជាយើងផងដែរ។

លោកបន្តថា ការជ្រើសរើសបោះទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ របស់ក្រុមហ៊ុន Metal Jewelry Cambodia ជាការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត និងមានលក្ខណៈជាយុទ្ធសាស្ត្រ ព្រោះក្រុមហ៊ុនមិនត្រឹមតែអាចទទួលបាននូវអត្ថប្រយោជន៍ ពីកញ្ចប់លើកទឹកចិត្តដែលមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបាននូវកិច្ចសម្រួលនីតិវិធីរដ្ឋបាលដែលមានភាពរហ័សងាយស្រួល, ប្រព័ន្ធបណ្តាញអគ្គិសនីដែលអាចជឿទុកចិត្តបាន, បណ្តាញដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងបរិក្ខារភស្តុភារកម្មទំនើបៗ ដែលអាចជួយឱ្យប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនសម្រេចបាននូវប្រសិទ្ធផល និងប្រាក់ចំណេញខ្ពស់ផងដែរ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ CDC