អង្ករក្រអូបប្រណីតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោក ដែលនេះជាលើកទី៦ របស់ម៉ាកអង្ករក្រអូបមួយប្រភេទមានឈ្មោះថា «ម្លិះអង្គរ»។
យោងតាមការបង្ហោះពីសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងនៅថ្ងៃនេះថា ពូជអង្ករក្រអូបប្រណីតកម្ពុជា ពូជស្រូវផ្ការំដួលបានឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេ លើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ ២០២៤» នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នៅថ្ងៃ ៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ដែលរៀបចំឡើងដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងអបអរដល់ប្រជាកសិករខ្មែរ ដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ ព្រមទាំងអរគុណដល់រោងម៉ាស៊ីនកិនស្រូវដែលបានខិតខំសម្រិតសម្រាំង និង កិនកែច្នៃអង្ករបានយ៉ាងល្អ រហូតទទួលបានជ័យជំនះនេះជូនប្រទេសជាតិ។
សូមបញ្ជាក់ថា អង្ករម៉ាក “ម្លិះអង្គរ” ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់ អង្ករក្រអូបប្រណីតកម្ពុជា។
គួរបញ្ជាក់ផងដែរថា ត្រឹមរយៈពេល ១០ ខែឆ្នាំ ២០២៤ នេះកម្ពុជាបាននាំចេញអង្ករចំនួន ៥០៧ ០២៩ តោន គិតជាទឹកប្រាក់បានចំនួន ៣៧៦.៦៣ លានដុល្លារសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុរ៉ាវី រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា