លោក អូន ព័ន្ធមុនីរ័ត្ន៖ កម្ពុជានឹងបន្តខិតខំជំរុញផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយចិនឱ្យឈានដល់កម្រិតថ្មីមួយទៀត

លោក អូន ព័ន្ធមុនីរ័ត្ន៖ កម្ពុជានឹងបន្តខិតខំជំរុញផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយចិនឱ្យឈានដល់កម្រិតថ្មីមួយទៀត

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជានឹងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា និងចិនឱ្យឈានដល់កម្រិតថ្មីមួយទៀត ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ 

លោកថា តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដូចជា ប្រព័ន្ធបញ្ជរតែមួយជាតិជាដើម បានចូលរួមក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងជំរុញការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។

តាមដានជាមួយយើង៖ Million Times

នៅក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិនកម្ពុជា ឆ្នាំ២០២៤ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច គ្រោងនឹងដាក់ឱ្យអនុវត្តនូវប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (e-invoicing system) នាពេលដ៏ខ្លីខាងមុខ ដែលការណ៍នេះនឹងបង្កភាពកាន់តែងាយស្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។ ជាងនេះទៀត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសម្រាប់សេដ្ឋកិច្ចឌីជីថល កម្ពុជា និងចិន បាននិងកំពុងសហការគ្នាយ៉ាងជិតស្និទ្ធ។

លោកបន្ថែមថា សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាបានអនុវត្តគម្រោង Go4eCam ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។ កាលពីឆ្នាំ ២០២៣កន្លងទៅ កម្ពុជាក៏បានចុះអនុស្សារណៈភាពជាដៃគូនៃវេទិកាពាណិជ្ជកម្មពិភពលោក បែបអេឡិចត្រូនិកជាមួយក្រុមហ៊ុន Alibaba ដើម្បីជំរុញការនាំចេញការពង្រីកទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងសមត្ថភាព និង បច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

ក្នុងទិដ្ឋភាពនៃការទូទាត់សងប្រាក់ឌីជីថល ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យប្រើប្រាស់នូវការទូទាត់សងប្រាក់ឆ្លងកាត់ព្រំដែន ដោយប្រើប្រាស់ឃ្យូអរកូដ ជាមួយក្រុមហ៊ុន Ant International តាមរយៈហេដ្ឋារចនាសម្ព័ន្ធទូទាត់សងប្រាក់ ឌីជីថលកម្ពុជា ហៅកាត់ថា «បាគង»ជាមួយនឹង «Allpay+» ដែលត្រូវបានប្រើប្រាស់ជាមធ្យោបាយទូទាត់សងប្រាក់ដ៏ពេញនិយមមួយរបស់ប្រជាជនចិន។ កិច្ចសហការនេះ នឹងសម្រួលច្រើនដល់ការបញ្ជាទិញ និងការទូទាត់របស់ប្រជាជន ជាពិសេស សម្រាប់ភ្ញៀវទេសចររវាងប្រទេសទាំង២ ។ 

បើតាមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់ចិន បាននិងកំពុងវិនិយោគ និងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដែលប្រការនេះបាននាំមកនូវឱកាសការងារ និងការបណ្តុះបណ្តាលជំនាញឌីជីថលថ្មី ក៏ដូចជា ការផ្ទេរបច្ចេកវិទ្យា ដែលជាយថាហេតុនឹងជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជារួមផងដែរ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងសេដ្ឋកិច្ច