ចាប់តាំងពីការបើកដំណើរការជាផ្លូវការរយៈពេល ២ឆ្នាំមកនេះ បរិមាណចរាចរណ៍សរុបចំនួន ១០លានដងនៅគ្រប់ច្រកចេញនៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះការបង្កើនឱកាសការងារ ជំរុញអភិវឌ្ឍន៍ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់។ នេះបើតាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ក្នុងពិធីអបអរសាទរខួប២ឆ្នាំ នៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី១ ខែវិច្ឆិកា លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ផ្លូវនេះគឺជាគម្រោងជាគំរូមួយសម្រាប់ប្រទេសចិន និងកម្ពុជា ក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជាតំណាងដ៏រស់រវើក នៃសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ របស់ប្រទេសចិន និងកម្ពុជា។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ដោយភ្ជាប់ពីរាជធានី ភ្នំពេញឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងឆ្ពោះទៅកាន់កំពង់ ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ដល់សកម្មភាពសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត។
លោកបន្ថែមថា ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយប្រធានាធិបតីចិនក្នុងគោលដៅតភ្ជាប់តំបន់អាស៊ីទៅតំបន់អឺរ៉ុប ដើម្បីពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាផ្នែកមួយជួយបង្កើនទំនាក់ទំនងរវាងប្រជាជននិង ប្រជាជននៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែមានភាពជិតស្និទ្ធផងដែរ។
ចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CRBC លោក ប៉េង ពោធិ៍នា បានស្នើដល់អង្គភាពគ្រប់គ្រងផ្លូវល្បឿនលឿន បន្តខិតខំជួយផ្សព្វផ្សាយ បង្កើនការយល់ដឹង បន្ថែមទៀត លើការប្រើប្រាស់ផ្លូវនេះ ដើម្បីបញ្ចៀស នូវគ្រោះថ្នាក់ចរាចរណ៍។
បន្ថែមពីលើនេះ លោករដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានរំលេចឲ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានរួមចំណែកជួយដល់កម្ពុជា ក្នុងការសាងសង់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដោយបានកសាងខ្សែផ្លូវសរុប ប្រមាណជិត៤ពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ សរុបប្រមាណ ១៦ស្ពាន៕
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសាធារណការ