មិនថាអ្នកណាក្លាយជាប្រធានាធិបតី អាមេរិកនឹងបង្កើតកំណត់ត្រាថ្មីស្រឡាងមួយ

មិនថាអ្នកណាក្លាយជាប្រធានាធិបតី អាមេរិកនឹងបង្កើតកំណត់ត្រាថ្មីស្រឡាងមួយ

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិទី៤៧ កាន់តែខិតជិតមកដល់មែនទែនហើយ ដោយតាមរដ្ឋមួយចំនួនបានរៀបចំរួចរាល់ ខណៈការបោះឆ្នោតសម្រេចជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ។

តាមដានជាមួយយើង៖ Million Times

មិនថាលោកដូណាល់ ត្រាំ ឬក៏លោកស្រីកាម៉ាឡា ហារីស ជាប់ឆ្នោតក្លាយជាមេដឹកនាំឡើយ ប្រធានាធិបតីថ្មីរូបនោះ នឹងបង្កើតប្រវត្តិសាស្ត្រថ្មីស្រឡាងមួយ ក្នុងសៀវភៅកំណត់ត្រារបស់អាមេរិក។

ក្នុងករណីលោកស្រី ហារីស ទទួលបានសម្លេងគាំទ្រច្រើន ក្លាយជាមេដឹកនាំមហាអំណាចសេដ្ឋកិច្ចធំជាងគេលើលោក នោះលោកស្រី នឹងក្លាយជាប្រធានាធិបតីស្រីដំបូងបំផុត ប្រចាំប្រវត្តិសាស្ត្រអាមេរិក តាំងពីការបោះឆ្នោតបានធ្វើឡើងដំបូងក្នុងឆ្នាំ១៧៨៩ មកទល់ពេលបច្ចុប្បន្ន។

បច្ចុប្បន្ន លោកស្រី ហារីស ក៏ជាស្ត្រីដំបូងបំផុតដែលបានក្លាយជាអនុប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២០ នៅក្នុងជួររដ្ឋាភិបាល ដែលដឹកនាំដោយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកទី៤៦ ផងដែរ។

ចំពោះករណី លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកវិញ នោះមហាសេដ្ឋីរូបនេះ នឹងជាប់ឈ្មោះជាមេដឹកនាំអាមេរិកមានវ័យចំណាស់បំផុត ដោយបច្ចុប្បន្នលោកមានអាយុ ៧៨ឆ្នាំហើយ។

មួយវិញទៀត លោកត្រាំ ក៏នឹងក្លាយជាបុគ្គលទី២ ដែលវិលមកអង្គុយកៅអីប្រធានាធិបតីវិញ បន្ទាប់ពីខកខានអស់រយៈពេល ៤ឆ្នាំ ពោលធ្លាប់ជាមេដឹកនាំអាមេរិកទី៤៥ ចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២០។

នៅក្នុងសៀវភៅកំណត់ត្រារបស់អាមេរិក មានតែលោក Grover Cleveland ម្នាក់គត់ ដែលកាន់កំណត់ត្រាមួយនេះ ដោយលោកធ្លាប់ជាប្រធានាធិបតីចំនួន ២លើក ដោយលើកទីមួយនៅឆ្នាំ១៨៨៥ ដល់ឆ្នាំ១៨៨៩ និងលើកទីពីរនៅឆ្នាំ១៨៩៣ ដល់ឆ្នាំ១៨៩៧។

សូមជម្រាបដែរថា ផ្អែកតាមការស្រង់មតិពីសារព័ត៌មានអន្តរជាតិធំៗបានបង្ហាញថា សន្ទុះអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ និងអ្នកស្រី កាម៉ាឡា ហារីស ហាក់មិនសូវមានប្រៀបជាងគ្នាប៉ុន្មានឡើយ ខណៈបច្ចុប្បន្នបេក្ខភាពប្រធានាធិបតីទាំង ២រូបនេះ កំពុងព្យាយាមស្វែងរកសម្លេងគាំទ្រពាសពេញរដ្ឋនៅអាមេរិក ដ្បិតថ្ងៃបោះឆ្នោតសម្រេចជោគវាសនាមេដឹកនាំអាមេរិកថ្មី កាន់តែខិតជិតមកដល់មែនទែនហើយ៕

អត្ថបទ៖ Luffy រូបភាព៖បរទេស