នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ បានចុះត្រួតពិនិត្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននៅចំណុចភូមិសាស្ត្រស្រុកអូររាំង និងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីភារកិច្ចស្នូលរបស់កងកម្លាំងក្នុងសម័យសន្តិភាព គឺការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសជិតខាង និងស្ថាបនាខឿនការពារជាតិជាហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាត់ព្រំដែន មិនបង្កើតឲ្យមានបញ្ហានៅតាមតំបន់បន្ទាត់ព្រំដែន ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើឲ្យព្រំដែនក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូ លះបង់កម្លាំងកាយចិត្ត និងជម្នះគ្រប់ឧបសគ្គ ប្រកបដោយវីរភាពអង់អាចក្លាហានរបស់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ដែលអនុវត្តភារកិច្ចយាមល្បាតផង ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមផង ព្រមទាំងកសាងផង ជាក់ស្ដែងកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ បាននិងកំពុងស្ថាបនាផ្លូវតាមបន្ទាត់ព្រំដែន ដោយមិនគិតពីបញ្ហាប្រឈមដល់អាយុជីវិតដោយសារផ្ទុះមីន និងជំងឺឆ្លងជាដើម។
ជាមួយគ្នានោះ លោកបានណែនាំដល់កងឯកភាពស្ថាបនាផ្លូវថ្នល់ ចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ត្រូវខិតខំធ្វើការឱ្យមានគុណភាព ប្រុងប្រយ័ត្នកុំឱ្យមានគ្រោះថ្នាក់ សហការល្អជាមួយសមត្ថកិច្ច អាជ្ញាធរដែនដីកុំឱ្យមានប្រព្រឹត្តិបទល្មើស ថែរក្សាសុខភាពឱ្យបានល្អ និងបង្កបង្កើនផល ដាំដុះ និងចិញ្ចឹមសត្វទុកជាអាហារ។
តាមប្រមុខរាជរដ្ឋាភិបាល ផ្លូវក្រវាត់ព្រំដែននៅសល់ប្រវែងប្រមាណ១,៣០០គីឡូម៉ែត្រទៀត។ កាលពីចុងខែកក្កដា កន្លងទៅរដ្ឋាភិបាលបានចុះហត្ថលេខាលើផែនការសាងសង់បញ្ចប់ផ្លូវនេះ ដោយប្រើរយៈពេល១០ឆ្នាំ ជាមួយថវិកា ជាង២០០លានដុល្លារ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងការពារជាតិ