CEO៖ យន្តការនេះនឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ច្រើនទៀតបង្កើតផ្លូវហោះហើរថ្មីមកសៀមរាបអង្គរ

CEO៖ យន្តការនេះនឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ច្រើនទៀតបង្កើតផ្លូវហោះហើរថ្មីមកសៀមរាបអង្គរ

ប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្តិការផ្សេងៗ សម្រាប់ការបើកជើងហោះហើរថ្មី និងក្រុមហ៊ុនអាកាសចរណ៍ថ្មី ដើម្បីជាការលើកទឹកចិត្ត និងទាក់ទាញឱ្យក្រុមហ៊ុនអាកាសចរណ៍ច្រើនទៀតបង្កើតផ្លូវហោះហើរថ្មី និងពង្រីកប្រតិបត្តិការអាជីវកម្ម នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

លោក ស៊ូ បូ ប្រធានក្រុមហ៊ុន យុនណាន អ៊ែរអ៊ិនវេសមែន (ខេមបូឌា) អ៊ែរផត មេនេចម៉ិន ក្នុងពិធីអបអរសាទរគម្រប់ខួប ១ឆ្នាំនៃ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងផ្តល់ការលើកទឹកចិត្តសម្រាប់ការបើកជើងហោះហើរថ្មី (New Routes) ឬជើងហោះហើរដែលបានផ្អាកជាង១២ ខែ ហើយធ្វើការតភ្ជាប់ហោះហើរឡើងវិញ ដោយបញ្ចុះតម្លៃទាំងស្រុង (១០០%) នូវថ្លៃចុះចត (Landing) ថ្លៃចំណត (Parking) ថ្លៃភ្លើងបំភ្លឺ (Lighting) និងថ្លៃស្ពានឆ្លងចូលយន្តហោះ (Aerobridge) ក្នុងឆ្នាំដំបូង។ ចំណែកឆ្នាំទីពីរ តម្លៃទាំងនេះនឹងត្រូវគិតថ្លៃតែពាក់កណ្តាល ឬ៥០%ប៉ុណ្ណោះ។

តាមដានជាមួយយើង៖ Million Times

លោកបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងផ្តល់ការលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ថ្មី ឬក្រុមហ៊ុនអាកាសចរណ៍ដែលបានផ្អាកប្រតិបត្តិការលើសពី ១២ខែ ហើយធ្វើប្រតិបត្តិការឡើងវិញ ដោយគិតថ្លៃ ចុះចត (Landing) ថ្លៃចំណត (Parking) ថ្លៃភ្លើងបំភ្លឺ (Lighting) និងថ្លៃស្ពានឆ្លងចូលយន្តហោះ (Aerobridge) ៥០% ក្នុងឆ្នាំដំបូង ហើយក្នុងឆ្នាំទីពីរ នឹងត្រូវបានកាត់បន្ថយត្រឹម២៥%។

លើសពីនេះទៅទៀត នឹងផ្តល់ការបញ្ចុះតម្លៃផ្ទាល់ យោងតាមចំនួនអ្នកដំណើរចេញ។ ជើងហោះដែលមានចំនួនអ្នកដំណើរចាប់ពី ១២០ នាក់ ដល់១៥០ នាក់ នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០០ដុល្លារ ក្នុងមួយជើងហោះហើរ។ ចំណែកជើងហោះហើរ ដែលមានចំនួនអ្នកដំណើរចាប់ពី១៥០ នាក់ឡើងនឹងទទួល បានប្រាក់លើកទឹកចិត្តចំនួន ៦០០ដុល្លារក្នុងមួយជើងហោះហើរ។

ជាមួយគ្នានេះ តាមរយៈវិធានការលើកទឹកចិត្តនេះ លោក ស៊ូ បូ ជឿជាក់ថានឹងអាចទាក់ទាញ ឱ្យក្រុមហ៊ុនអាកាសចរណ៍ច្រើនទៀត បង្កើតផ្លូវហោះហើរថ្មី និងពង្រីកប្រតិបត្តិការអាជីវកម្ម នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

លោកថ្លែងថា «យើងមានជំនឿដ៏មុតមាំថា ក្រោមការណែនាំ និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការយក ចិត្តទុកដាក់ និងគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា និងដោយមានកិច្ចសហប្រតិបត្តិការ ពីគ្រប់ដៃគូ ទាំងអស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបន្តដំណើរទៅមុខ និងសម្រេចបាននូវការអភិវឌ្ឍ ដ៏ចីរភាព។ នេះនឹងផ្តល់កម្លាំងថ្មីសម្រាប់ការស្តារឡើងវិញ នូវសេដ្ឋកិច្ចទេសចរណ៍ខេត្តសៀមរាប និងការរីកចម្រើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជាទាំងមូល»

អត្ថបទ៖ សេដ្ឋានី រូបភាព៖ រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល