ជនរងគ្រោះកើន៧៤០នាក់ច្រើនប្រទេសរួមទាំងកម្ពុជា ចាញ់បោកលុយជាមួយក្រុមហ៊ុនថៃ iCon Group

ជនរងគ្រោះកើន៧៤០នាក់ច្រើនប្រទេសរួមទាំងកម្ពុជា ចាញ់បោកលុយជាមួយក្រុមហ៊ុនថៃ iCon Group

ជនរងគ្រោះ ១៧០នាក់ទៀតបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន The iCon Group Co, ដែលកំពុងមានរឿងអាស្រូវរកស៊ីបោកប្រាស់ប្រជាជន ដែលធ្វើឱ្យមានការខាតបង់ជាង ២៥០លានបាត នាពេលនេះបានបង្កើនចំនួនអ្នកតវ៉ាសរុបដល់ទៅ ៧៤០នាក់នៅតាមបណ្តាលប្រទេសជាច្រើន។

កាសែត Bangkok Post ចុះផ្សាយថា នៅពេលចំនួនពាក្យបណ្តឹងដាក់ទៅកាន់ប៉ូលីសផ្នែកការពារអ្នកប្រើប្រាស់នៅតែបន្តកើនឡើង ការចោទប្រកាន់កាន់តែច្រើនប្រឆាំងនឹងក្រុមហ៊ុនដោយជនរងគ្រោះនៅក្នុងប្រទេសផ្សេងទៀតរួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងជប៉ុន ដែលអះអាងថាត្រូវបានក្រុមហ៊ុនបោកប្រាស់។

តាមដានជាមួយយើង៖ Million Times

នៅប្រទេសជប៉ុនឯណោះ ថ្មីៗនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ដោយមនុស្សមួយក្រុមទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីវិនិយោគលើផលិតផលពី The iCon Group។ ដូចគ្នានេះដែរ វិនិយោគិននៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលជឿថាពួកគេត្រូវបានបោកប្រាស់ដោយ The iCon Group បានយកប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីបង្ហាញការខកចិត្តរបស់ពួកគេ។

នាយឧត្តមសេនីយ៍ សោភ័ណ្ឌ សារ៉ាផាត អនុប្រធានការិយាល័យស៊ើបអង្កេតកណ្តាល (CIB) បានឲ្យដឹងថា បន្ទាប់ពីលោក Warathaphon “Paul” Waratyaworrakul CEO ក្រុមហ៊ុន The iCon Group បានស្ម័គ្រចិត្តចូលបំភ្លឺកាលពីថ្ងៃសៅរ៍ ជាមួយនឹងបុគ្គលជាប់ពាក់ព័ន្ធសំខាន់ៗចំនួនប្រាំនាក់ផ្សេងទៀតពីក្រុមហ៊ុន ដែលភាគច្រើនជាតារាល្បីៗ ពួកគេ​ទាំង​អស់​ត្រូវ​បាន​ដោះលែង​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​បន្ទាប់​ពី​សាកសួរ ប៉ុន្តែ​ឥឡូវ​នេះ​ពួកគេ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជនសង្ស័យ​ក្នុង​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​លើ​ករណី​នេះ​។

លោក Warathaphon “Boss Paul”

ឧត្តមសេនីយ៍ទោ Montree Teskun ប្រធាននាយកដ្ឋានបង្ក្រាបឧក្រិដ្ឋកម្ម (CSD) បាននិយាយថា ជនសង្ស័យទាំងនេះនឹងត្រូវចោទប្រកាន់នៅពេលដែលប៉ូលីសបានបញ្ចប់ការប្រមូលភស្តុតាង។ ក្នុងចំណោមបុគ្គលសំខាន់ៗទាំង ៦រូប លោក កាន់ កន្ថាថាវន ជាពិធីករទូរទស្សន៍ និងជាតារាសម្ដែងល្បីឈ្មោះមួយរូប ដែលត្រូវបានតែងតាំងជានាយកទីផ្សារនៃក្រុមហ៊ុន The iCon Group ត្រូវបានរាយការណ៍ចុងក្រោយទៅកាន់ CPPD ថាជាប់ពាក់ព័ន្ធផងដែរ។

កាលពីថ្ងៃអាទិត្យលោកបានរក្សាភាពគ្មានកំហុសរបស់លោក ដោយ​និយាយ​​ថា​ លោក​បាន​ហែក​កុងត្រា​ជាទូតសុឆន្ទៈ (BA) ជាមួយ​ក្រុមហ៊ុន។ ទន្ទឹមនឹងនោះ មនុស្ស ៨នាក់ផ្សេងទៀត ដែលធ្វើការជាប្រធានក្រុមលក់ផ្ទាល់នៅ The iCon Group ក៏បានរាយការណ៍ទៅ CPPD ផងដែរ។

ជាមួយគ្នានេះ អគ្គស្នងការនគរបាលជាតិ លោក ប៉ុល ហំម ផាន់ផេត បានជំរុញឱ្យនគរបាលដោះស្រាយបណ្តឹងជាមួយមេធាវីដែលកំពុងជួយជនរងគ្រោះក្នុងការស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងនេះ។

លោក ប៉ុល មានប្រសាសន៍ថា “ពួកគេបានបាត់បង់ប្រាក់ទៅក្រុមហ៊ុនដែលត្រូវបានចោទប្រកាន់ ហើយពួកគេត្រូវដោះស្រាយជាមួយនឹងការដាក់ពាក្យបណ្តឹងទៅប៉ូលីសដោយខ្លួនឯង ព្រោះពួកគេមិនមានមេធាវីដើម្បីជួយដូចភាគីជាប់ចោទបានធ្វើនោះទេ” ។

បន្ថែមទៀតនោះ ឧត្តមសេនីយ៍ Surachoke Tangwiwat អគ្គលេខាធិការនៃរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បាននិយាយថា ផលិតផលគ្រឿងសំអាង និងអាហារបំប៉នមួយក្នុងចំណោម ១៤ ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ iCon Group មិនដែលត្រូវបានបញ្ជាក់ដោយ FDA នោះទេ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ The Nation