កម្ពុជាប្រាប់ UN ពីការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលកសាងកម្ពុជាទៅជាសង្គមមានភាពយុត្តិធម៌ និងរស់រវើក

កម្ពុជាប្រាប់ UN ពីការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលកសាងកម្ពុជាទៅជាសង្គមមានភាពយុត្តិធម៌ និងរស់រវើក

នៅប្រមុខអង្គការសហប្រជាជាតិ UN រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ពីការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលមានគោលបំណងកសាងកម្ពុជាឲ្យទៅជាសង្គមដែលមានភាពយុត្តិធម៌ និងរស់រវើក។ 

នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក កាលពីថ្ងៃទី២៨ ខែកញ្ញា ក្នុងពេលថ្លែងសុន្ទរកថាកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.បលើកទី៧៩  លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ពីការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលមានគោលបំណងកសាងកម្ពុជាអោយទៅជាសង្គមដែលមានភាពយុត្តិធម៌ និងរស់រវើក ដែលអាចកសាងសន្តិភាពបានយូរអង្វែង  ស្ថិរភាពនយោបាយ អភិបាលកិច្ចល្អ  និងការគោរពនីតិរដ្ឋ។ 

តាមដានជាមួយយើង៖ Million Times

លោកថា ដើម្បីសម្រេចគោលដៅនេះ កម្ពុជាបាន (១) ផ្តល់អាទិភាពខ្ពស់លើការកសាងធនធានមនុស្សដើម្បីបំពេញតម្រូវការសម័យឌីជីថល (២) ធ្វើពិពិធកម្មសេដ្ឋកិច្ចអោយបានស៊ីជម្រៅដោយធ្វើការអភិវឌ្ឍវិស័យសំខាន់ៗដូចជាការដឹកជញ្ជូន និងថាមពល (៣) ពន្លឿនការអភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល និង (៤ ) ជំរុញសមភាពយេនឌ័រ  សេដ្ឋកិច្ចបៃតង និងការការពារបរិស្ថាន។

រាជរដ្ឋាភិបាលកម្ពុជា អំឡុងពេលចាប់ផ្តើមចេញដំណើរអាណត្តិទី៧ បានបង្ហាញផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

តាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា បានឱ្យដឹងថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និង បរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលដៅយុទ្ធសាស្រ្ត ៥ រួមមាន ១. ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា ២. បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និង គុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន ៣. សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា ៤. បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្ដ ពង្រឹងអភិបាលកិច្ចវិស័យឯកជន និង បន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគនិងពាណិជ្ជកម្ម និង ៥.ធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងការបរទេស និងក្រុមព័ត៌មានសម្តេចធិបតី