ព្រះមហាក្សត្រម៉ាឡេស៊ី ​ស្វែងរក​មូលនិធិ​សម្រាប់​សង់ផ្លូវដែក​ល្បឿន​លឿន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ចិន

ស្តេចនៃប្រទេសម៉ាឡេស៊ី ព្រះចៅស៊ុលតង់ Ibrahim Iskandar ស្វែងរកមូលនិធិពីអ្នកវិនិយោគចិន សម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន រវាងម៉ាឡេស៊ី និងសិង្ហបុរី ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ នេះបើយោងតាមកាសែតម៉ាឡេស៊ី The Staritstimes។

ក្នុងអំឡុងបំពេញព្រះរាជទស្សនកិច្ចនៅទីក្រុងប៉េកាំង ព្រះចៅស៊ុលតង់ Ibrahim Iskandar ទ្រង់មានសវនាជាមួយប្រធានាធិបតីចិន Xi Jinping ដែលជាអ្នកផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ កាលពីសប្តាហ៍មុនដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ។

តាមដានជាមួយយើង៖ Million Times

កាសែត The Staritstimes បានដកស្រង់សម្តីប្រភពដែលទុកចិត្តបាន លើកឡើងថា គណៈប្រតិភូរបស់ ស្តេច Sultan Ibrahim រួមមានតំណាងរបស់ក្រុមហ៊ុន YTL បានជួបពិភាក្សាជាមួយវិនិយោគិនចិន ស្វែងរកមូលនិធិកសាងផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅកាន់ប្រទេសសិង្ហបុរី។ The Edge Malaysia បានរាយការណ៍កាលពីខែមីនាថា ក្រុមហ៊ុនម៉ាឡេស៊ីគឺជាក្រុមមួយក្នុងចំណោមក្រុមទាំងបីដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះ។

ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៨ ខែកញ្ញាថា ដំណើរទស្សនកិច្ចនេះបង្ហាញឲ្យឃើញនូវចំណងមិត្តភាពដ៏រឹងមាំនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។

ខ្សែរថភ្លើងដែលមានបំណងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងគូឡាឡាំពួ និងសិង្ហបុរីមកត្រឹម ៩០នាទី ខណៈដែលការជិះតាមរថយន្តលើសពី ៤ម៉ោង ត្រូវបានព្យាករណ៍ថានឹងចំណាយប្រាក់រហូតដល់ ៣១ ពាន់លានដុល្លារសិង្ហបុរី ជាគម្រោងដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad បានពន្យារពេលគម្រោងនេះក្នុងឆ្នាំ២០១៨ ក្រោមហេតុផលចំណាយខ្ពស់។ ហើយគម្រោងនេះត្រូវបានលុបចោលជាផ្លូវការនៅឆ្នាំ២០២១ ប៉ុន្តែរដ្ឋបាល Anwar បានធ្វើឱ្យវារស់ឡើងវិញនៅឆ្នាំ២០២៣ ក្នុងលក្ខខណ្ឌថាវានឹងមិនត្រូវបានផ្តល់មូលនិធិដោយអ្នកបង់ពន្ធឡើយ។

ដើម្បី​ឱ្យ​គម្រោង​នេះ​ដំណើរការ​ទៅ​មុខ ប្រទេស​សិង្ហ​បុរី​ក៏​ត្រូវ​យល់ព្រម​ដែរ ។ នាយករដ្ឋមន្ត្រី Lawrence Wong បាននិយាយកាលពីខែមិថុនាថា លោកទទួលសំណើថ្មីៗស្តីពីការតភ្ជាប់ផ្លូវដែក។

ប្រទេសចិនបានបើកចំហចំពោះការជំរុញរបស់ម៉ាឡេស៊ីក្នុងការអភិវឌ្ឍន៍ការតភ្ជាប់ផ្លូវដែក។ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីខែមិថុនា នាយករដ្ឋមន្ត្រីចិនលោក Li Qiang បាននិយាយថា ប្រទេសចិនមានឆន្ទៈគាំទ្រប្រទេសនេះលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ នេះបើតាម BLOOMBERG ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ AFP