FBI កំពុងស៊ើបអង្កេតការប៉ុនប៉ងធ្វើឃាតលោក Trump នៅទីលានវាយកូនហ្គោល

FBI កាលពីថ្ងៃអាទិត្យបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតករណីប៉ុនប៉ងធ្វើឃាតលោក Donald Trump។ អតីតប្រធានាធិបតីមានសុវត្តិភាពបន្ទាប់ពីមានការបាញ់ប្រហារនៅក្លឹបវាយកូនហ្គោលអន្តរជាតិ Trump ហើយបុរសម្នាក់ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការប៉ុងប៉ងធ្វើឃាតនេះ។

បុរសម្នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះថា Ryan Wesley Routh នេះបើយោងតាមប្រភពពីមន្រ្តីអនុវត្តច្បាប់។ Routh គឺជាអ្នកសាងសង់លំនៅឋានតម្លៃសមរម្យនៅរដ្ឋ Hawaii ដែលតែងបានធ្វើការផ្សព្វផ្សាយអំពីនយោបាយ និងព្រឹត្តិការណ៍បច្ចុប្បន្ន ខណៈពេលខ្លះរិះគន់អតីតប្រធានាធិបតី Trump។

តាមដានជាមួយយើង៖ Million Times

ភ្នាក់ងារសេវាសម្ងាត់ម្នាក់បានប្រទះឃើញធុងកាំភ្លើងវែងចេញពីរបង ប៉ូលីសស្រុក Palm Beach លោក Ric Bradshaw បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃអាទិត្យថា ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​តាម​ផ្លូវ​ជាតិ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​កាន់​មន្ទីរ​ឃុំឃាំង។

មន្ត្រី​សេវា​សម្ងាត់​ម្នាក់​បាន​និយាយ​ថា ខ្មាន់​កាំភ្លើង​មាន​ចម្ងាយ​ពី ៣០០ ទៅ ៥០០ យ៉ាត​ពី​លោក Trump។ លោក Bradshaw បាននិយាយថា ប៉ូលីសបានរកឃើញកាំភ្លើង AK-47 មួយដើម GoPro និងកាបូបស្ពាយរបស់ជនសង្ស័យ។

យោងតាមសេតវិមានបានឱ្យដឹងថា ប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតី Kamala Harris ទាំងពីរនាក់ “មានអារម្មណ៍ធូរស្រាលនៅពេលដឹង” ថា Trump មានសុវត្ថិភាព។ បើយោងតាមការចុះផ្សាយដោយ CNN៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ CNN