ឪពុកនាយករដ្ឋមន្រ្តីថៃ មានទ្រព្យសម្បត្តិសុទ្ធប៉ុន្មាន ដែលធ្លាប់រស់នៅនិរទេសខ្លួនក្នុងទីក្រុងឌូបៃ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានរស់នៅនិរទេសខ្លួនក្នុងទីក្រុងឌូបៃ អស់រយៈពេល ១៥ឆ្នាំ រហូតទាល់តែលោកត្រូវត្រឡប់មកប្រទេសកំណើតវិញក្នុងខែសីហា ឆ្នាំ២០២៣។ នៅពេលត្រឡប់មកវិញភ្លាម លោកត្រូវបានឃុំខ្លួន ហើយត្រូវបានដោះលែងនៅ ៦ខែក្រោយមក ដោយសារការលើកលែងទោសពីព្រះមហាក្សត្រថៃ។

បើទោះលោករស់នៅនិរទេសខ្លួនក៏ដោយ បើនិយាយដល់ទ្រព្យសម្បត្តិរបស់លោកក៏មិនមែនការធ្លាក់ខ្លាំងប៉ុន្មានឡើយ។ យោងតាមទស្សនាវដ្តី Forbes គិតថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ថាក់ស៊ីន មានទ្រព្យសម្បត្តិសុទ្ធសរុប ២.១ពាន់លានដុល្លារអាមេរិក។ និយាយដល់អ្នកមានក្នុងស្រុកថៃវិញ លោកឈរលេខរៀងទី១១ ក្នុងបញ្ជីមហាសេដ្ឋីមានបំផុតទាំង ៥០រូបក្នុងក្រុងបាងកក។

បើតាមទស្សនាវដ្តី Forbes លោក ថាក់ស៊ីន មានវ័យ ៧៥ឆ្នាំ ជាអ្នកនយោបាយ និងជំនួញជាប់ជាមហាសេដ្ឋីលំដាប់ទី ១៥៤៥ លើពិភពលោក ក្នុងឆ្នាំ២០២៤។

លោក ថាក់ស៊ី ជាឪពុកបង្កើតលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថ្មីថៃដែលទើបចូលកាន់តំណែងថ្មីៗ។ លោកថាក់ស៊ីន ជាម្ចាស់ភាគហ៊ុនគ្រប់គ្រងនៅក្នុងក្រុមហ៊ុនអចលនទ្រព្យ SC Asset ក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀត។ ប្អូនស្រីរបស់លោក គឺលោកស្រី យីងឡាក់ ដែលជាអតីតនាយករដ្ឋមន្ត្រីផងដែរ បានភៀសខ្លួនចេញពីប្រទេសក្នុងឆ្នាំ ២០១៧ ដើម្បីគេចពីការចាប់ខ្លួន ដោយសារការធ្វើរដ្ឋប្រហារពីយោធានា ហើយតុលាការ​ថៃ​បាន​លើក​លែង​ទោស​លោកស្រី​ក្នុង​ខែ​មីនា ឆ្នាំ​២០២៤៕

អត្ថបទ៖ សារ៉ាយ រូបភាព៖