គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ សម្រេចបានប្រមាណ ៩០ភាគរយហើយ

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ សម្រេចបានលទ្ធផលប្រមាណ ៩០ភាគរយហើយ ខណៈមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ក្រុមហ៊ុនសាងសង់ត្រូវអនុវត្តការងារ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នៅថ្ងៃទី ៧ ខែសីហានេះ បានដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣នេះ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។

តាមដានជាមួយយើង៖ Million Times
default

ក្រុមការងារបានចុះពិនិត្យទីតាំងចាក់បេតុង ការដ្ឋានស្ពានក្បាលរមាស ប្រឡាយតាមដងផ្លូវ និងទីតាំងផ្លូវថ្មើរជើងត្រង់រង្វង់មូលសេះស ស្ថិតក្នុងខេត្តកែប និងសកម្មភាពអ៊ុតគំនូសចរាចរណ៍នៅលើទ្រូងផ្លូវ ដើម្បីធានាឱ្យបានគុណភាពត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព។

លោក ប៉ាល់ ចន្ទតារា បានណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារការ និងដឹកជញ្ជូនដដែល គិតត្រឹមចុងខែកក្កដា ឆ្នាំ ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៩០,៨៤ភាគរយហើយ។គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២។

គម្រោងនេះ មានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុច​គ.ម ១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួង​សាធារណការ និងដឹកជញ្ជូន៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារការ