ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមឧកញ៉ា និងអ្នកអភិវឌ្ឍលំនៅឋាន កាលល្ងាចថ្ងៃទី២ ខែសីហា ប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្តប្រជាពលរដ្ឋ អ្នកធ្វើធុរកិច្ច និងឧកញ៉ាៗ ដែលជាម្ចាស់ក្រុមហ៊ុន ជួយជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើន។
ការប្រកាសបែបនេះ ស្របពេលនឹងការប្រកាសដាក់យន្តការសម្រួលការចាយប្រាក់ដុល្លារចាស់ ទក់ ប្រឡាក់ ឬរហែកតិចតួចនៅទូទាំងប្រទេស។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការចាយវាយ ឬប្រើប្រាស់ប្រាក់រៀលរបស់ជាតិ គឺមិនបារម្ភលើការខាតបង់ដោយគេកាត់ទឹកនោះឡើយ ហើយថែមទាំងជួយលើកកម្ពស់អត្តសញ្ញាណជាតិ។
សម្តេចថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់លុយរៀល ឱ្យបានច្រើន ព្រោះយើងចាយលុយរៀលអត់មានបញ្ហាទេ មួយទៀតក៏ជាអត្តសញ្ញាណរបស់យើងដែរ។ អីចឹងខ្ញុំលើកទឹកចិត្ត ហើយថ្ងៃនេះនៅទីនោះសុទ្ធតែឧកញ៉ា អ្នកដែលមានធុរកិច្ច សូមជួនលើកទឹកចិត្តប្រាក់រៀលឱ្យបានច្រើន»។
ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីយន្តការនៃការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល (QR Code) ក៏កំពុងរួមចំណែកបានយ៉ាងច្រើន ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលជាតិ ហើយការទូទាត់តាមប្រព័ន្ធ QR Code ក៏នឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរផងដែរ។
បើតាមលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤ ភាគរយ ធៀបនឹងឆ្នាំ ២០២២។
ក្នុងសិក្ខាសាលាខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្នុងដំណើរឆ្ពោះទៅមុខដើម្បីប្រាក់រៀល និងប្រព័ន្ធបាគង ពេលកន្លងទៅ លោកស្រី ជា សិរី បានថ្លែងថា៖ «ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤ ភាគរយ ធៀបនឹងឆ្នាំ ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់ អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិកដែលកើនក្នុងអត្រា ៣,១ ភាគរយ»។
លើសពីនេះ បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀលអាចទូទាត់បានតាមប្រព័ន្ធឃ្យូអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។
លោកស្រីបានសង្កត់ធ្ងន់ថា ការតភ្ជាប់នេះក៏បានអនុញ្ញាតឱ្យទេសចរបរទេសអាចទូទាត់តាមរយៈ QR code នៅតាមហាងទំនិញនានានៅកម្ពុជា ដែលហាងទាំងនោះនឹងទទួលបានការទូទាត់នេះជាប្រាក់រៀល។ បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួនជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជា ចិន និងឥណ្ឌា ជាដើម៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី និងធនាគារជាតិនៃកម្ពុជា