នាយករដ្ឋមន្រ្តីបញ្ជាក់មូលហេតុមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសទទួលយកក្រដាសប្រាក់ដុល្លារហែក ឬចាស់

នាយករដ្ឋមន្រ្តីបញ្ជាក់មូលហេតុមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសទទួលយកក្រដាសប្រាក់ដុល្លារហែក ឬចាស់

ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានប្រកាសជាគោលការណ៍ឲ្យបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ចូលរួមអនុវត្តនូវគោលការណ៍ថ្មីពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែកនៅទូទាំងខេត្តសៀមរាប ប៉ុន្តែមិនបានអនុវត្តនូវទូទាំងប្រទេសឡើយ។

តាមរយៈពេលទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់មូលហេតុដែលធនាគារជាតិមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេស។ សម្តេចថ្លែងពន្យល់ថា ដោយសារការទទួលយកក្រដាសប្រាក់ដុល្លារហែក ឬចាស់ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរយកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិ ដែលត្រូវការចំណាយថវិកាច្រើន ការដាក់អោយអនុវត្តនូវគោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន។ 

តាមដានជាមួយយើង៖ Million Times

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ការដាក់អោយអនុវត្តន៍នៅខេត្តសៀមរាបនេះ ជាជំសាកល្បង (pilot) ដើម្បីធនាគារជាតិអាចធ្វើការវាយតម្លៃ និងយកជាមូលដ្ឋានសម្រាប់រៀបចំផែនការឱ្យបានជាក់លាក់ មុននឹងប្រកាសដាក់អោយអនុវត្តគោលការណ៍ថ្មីនេះនៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខ។ 

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការគាំទ្រចំពោះការណែនាំឲ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជន។

ថ្លែងប្រាប់គេហទំព័រឌីជីថល MillionTimes អ្នកឧកញ៉ា លឹម ហេង ចាត់ទុកចំណាត់ការនេះជាការបង្កភាពងាយស្រួល ក្នុងការចរាចរណ៍សាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ាលើកឡើងថា កន្លងមកមានប្រជាពលរដ្ឋ និងអាជីវករជាច្រើននាក់ បានខាតបង់ថវិកាមួយចំនួន ដោយសារតែការដូរប្រាក់ដុល្លារចាស់ ឬប្រឡាក់។ «ឃើញថា កន្លងមកនេះ ប្រជាពលរដ្ឋ ទាំងអាជីវករមានការខាតបង់ច្រើន ដែលគាត់ទទួលក្រដាសប្រាក់ដុល្លារនោះ ដែលមានប្រឡាក់ ឬមិនប្រយ័ត្នរហែកតិចតួចនោះ គឺធ្វើឲ្យគាត់ខាតបង់ថវិការបស់គាត់ តាមរយៈការដូរដោយគេកាត់អត្រា កាត់ភាគរយ ឬហៅថា កាត់ទឹក»

តាមរយៈគេហទំព័រ Million Times អ្នកឧកញ៉ា លឹម ហេង ក៏បានលើកយោបល់ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ គួរតែចេញសេចក្ដីណែនាំមួយ ដោយកំណត់ថា ការទូទាត់ប្រាក់ក្រោម ១០០ដុល្លារ ត្រូវទូទាត់ជាប្រាក់ រៀល ហើយលើសពី ១០០ដុល្លារឡើងទៅ អាចទូទាត់ជាប្រាក់ដុល្លារក៏បាន ប្រាក់រៀលក៏បាន ដែលនេះជាការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

ត្រង់ចំណុចនេះអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា «នេះជាផលចំណេញរបស់ប្រជាពលរដ្ឋខ្មែរយើង ចៀសវាងការយកដុល្លារមកត្រូវបានគេកាត់ទឹក មិនថាតែក្រដាស ១០០ទេ ក្រដាស ១០ ក្រដាស ២០ ក្រដាស ៥០ក៏ដោយ បើសិនជាយើងជូនដំណឹងឲ្យគាត់ទូទាត់ជាប្រាក់រៀល ក្រោម ១០០ចុះ គាត់នឹងលែងយកហើយប្រាក់ដុល្លារ ដល់អញ្ចឹងវាជាការលើកតម្កើងនៃប្រាក់រៀលរបស់យើង»

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម