ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង លោក John Lee បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKSAR) មកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ០២ថ្ងៃនេះ លោក John Lee ចូលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នឹងទទួលជួបជាមួយគណ:ប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង សំដៅដល់ការទាក់ទាញ និងពង្រីកឱកាសវិនិយោគនៅកម្ពុជា។
លោក Wingco Lo ប្រធានសមាគមផលិតកម្មចិននៅហុងកុង ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម (CLV) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ បាននិយាយថា ឱកាសសំខាន់ៗសម្រាប់កំណើន និងការផ្លាស់ប្តូរកំពុងរង់ចាំអាជីវកម្មហុងកុងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាពិសេសតំបន់ CLV នេះមកពីកំណើនសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សក្នុងប្រទេសទាំងបី និងស្ថានការណ៍ភូមិសាស្ត្រនយោបាយមានស្ថិរភាព។
លោកបានគូសបញ្ជាក់ថា ខណៈដែលប្រទេស CLV មានការអភិវឌ្ឍន៍ទាបជាងបើធៀបនឹងប្រទេសសមាជិកអាស៊ានផ្សេងទៀត ឧទាហរណ៍ ថៃ និងសិង្ហបុរី ប៉ុន្តែប្រទេសទាំងបីផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់អ្នកវិនិយោគក្នុងតំបន់ ជាពិសេសតម្លៃផលិតកម្មទាបបំផុតសម្រាប់សហគ្រាសផលិត។
តើតាមលោក Wingco Lo សហគ្រាសអន្តរជាតិកាន់តែច្រើនឡើងកំពុងសម្លឹងមើលប្រទេសកម្ពុជាសម្រាប់ផែនការពង្រីក ស្របពេលដែលកម្ពុជាកំពុងបន្តយ៉ាងសកម្មនូវសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងបានបើកបើកទូលាយសម្រាប់អាជីវកម្ម និងការវិនិយោគបរទេសក្នុងរយៈពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះលោកបង្ហាញក្តីសង្ឃឹមថា ទស្សនកិច្ចនេះនឹងលើកទឹកចិត្តដល់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេស CLV ផ្សេងទៀតដើម្បីពិចារណាលើការបង្កើតអាជីវកម្មរបស់ពួកគេនៅក្នុងទីក្រុងហុងកុង៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ CDC