លោក គិត ម៉េង កម្ម៉ងទូដឹកទំនិញថ្មី ២៥គ្រឿងបន្ថែមដើម្បីបំពេញផែនការវិនិយោគរបស់ខ្លួន

លោកសេដ្ឋី គិត ម៉េង កម្ម៉ង់ទិញទូដឹកទំនិញថ្មីចំនួន ២៥គ្រឿងបន្ថែមពីប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញអោយកាន់តែល្អជាងមុន។ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ខេមបូឌា។

ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ដែលជាអ្នកម៉ៅការផ្តាច់លើការដឹកជញ្ជូនផ្លូវដែកនៅកម្ពុជា បានឲ្យដឹងថា ទូរថភ្លើងទាំងនេះបានមកដល់កម្ពុជានៅរសៀលថ្ងៃអាទិត្យទី២៨ ខែកក្កដា។ ជាមួយការបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុនបានបញ្ជាក់ថា ការបញ្ជាទិញនេះក៏ជាផ្នែកមួយនៃផែនការវិនិយោគរបស់លោក គិត ម៉េង ក្នុងការបង្កើនទូរថភ្លើងដឹកទំនិញចំនួន ២០០គ្រឿងថ្មីដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់កម្ពុជា។ ជាមួយនឹងការពង្រីកយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនមានគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពបន្ថែមទៀត ដោយពង្រឹងជំហររបស់ខ្លួនជាដែលផ្នែកមួយដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា។

ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាអ្នកផ្តល់សេវាដឹកជញ្ជូនផ្លូវដែកតែមួយគត់ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន រូយ៉ាល់រេលវេ បានចាប់ផ្តើមប្រតិបត្តិការសេវាកម្មតាំងពីឆ្នាំ២០១០ បន្ទាប់ពីបានបញ្ចប់ការស្តារឡើងវិញនូវបណ្តាញផ្លូវដែកទាំងខ្សែខាងត្បូង និងខាងជើង ដើម្បីធានានូវសុវត្ថិភាព។ រ៉ូយ៉ាល់រេលវេ តែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់តម្រូវការដឹកជញ្ជូនទំនិញទូទៅក្នុងប្រទេស ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សូមជម្រាបថា កាលពី​ឆ្នាំ​២០០៩ រដ្ឋាភិបាល​បានធ្វើ​សម្បទាន​គម្រោង​ផ្លូវដែក​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ពី​អូស្ដ្រាលី ដើម្បី​ពង្រឹង​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​របស់​កម្ពុជា តែ​នៅ​ឆ្នាំ​២០១៤ ក្រុមហ៊ុន​នេះ​បាន​បង្វែរ​ភាគហ៊ុន ៥៥​ភាគរយ​ទៅ​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់លោក គិត ម៉េង កាន់កាប់​ភាគហ៊ុន​ទាំងស្រុង​ចាប់ពីពេលនោះ​មក​។​

បន្ទាប់ពីក្រុមហ៊ុននេះ​ទទួលបានសិទ្ធិអភិវឌ្ឍន៍ និងធ្វើអាជីវកម្ម​ផ្លូវដែកកម្ពុជា អស់រយៈពេលប្រមាណ១០ឆ្នាំ គឺនៅឆ្នាំ២០១៩ រដ្ឋាភិបាល​បានសម្រេច​ដក​សិទ្ធិធ្វើ​អាជីវកម្ម​ផ្លូវដែក​ពី​ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េ​ល​វេ​វេល ​របស់លោក គិត ម៉េង ទៅឱ្យ​ក្រសួង​សាធារណការ និងដឹក​ជញ្ជូន​ជា​អ្នកគ្រប់គ្រង​បណ្ដោះអាសន្ន មុននឹង​ដាក់​ឲ្យ​ដេញថ្លៃ​ជាថ្មី​ឡើងវិញ​។ ការដក​នេះ ក្រោម​ហេតុផល​ថា ការអភិវឌ្ឍ និង​ផ្ដល់​សេវា​នៃប្រតិបត្តិ​ការដឹកជញ្ជូន​ផ្លូវដែក​នាពេលនោះ​ដោយ​ក្រុមហ៊ុន​នេះ ហាក់​មិនសូវ​ឈានទៅ​មុខ ខណៈ​វិស័យ​ដឹកជញ្ជូន​របស់​កម្ពុ​ជាកា​ន់​តែមាន​តម្រូវការ​ខ្ពស់ និង​ទាមទារ​ស្ដង់ដារ​។ នេះ​បើតាម​ការប្រកាស​របស់​សម្ដេច ហ៊ុន សែន ក្នុង​វេទិកា​រដ្ឋាភិបាល និង​វិស័យ​ឯកជន​លើក​ទី​១៨ នៅ​ថ្ងៃទី​២៩ ​ខែមីនា​ ឆ្នាំ២០១៩។

យ៉ាងណាប៉ុន្មានខែក្រោយដកហូត រដ្ឋក៏បានប្រគល់សិទ្ធិឲ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទទួលបានសិទ្ធិធ្វើអាជីវកម្មលើផ្លូវដែកបន្ត ពីរដ្ឋាភិបាល ដោយផ្តោត ទៅលើការធ្វើទំនើបកម្មផ្លូវដែកភាគខាងជើង និងភាគខាងត្បូង ឱ្យសមស្របទៅតាមតម្រូវការ ជាក់​ស្តែងរបស់ក្រុមហ៊ុនដឹកជញ្ជូនក្រុមនាំចេញ និងនាំចូល។ គួរបញ្ជាក់ថា ខ្សែរថភ្លើងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េវេលចាប់ដំណើរការដឹកអ្នកដឹក ដំណើរនៅឆ្នាំ២០១៦ បន្ទាប់ពីក្រុមហ៊ុននេះ ទទួលសិទ្ធិវិនិយោគផ្លូវរថភ្លើងនៅកម្ពុជាក្នុងឆ្នាំ២០០៩ សម្រាប់រយៈពេល៣០ឆ្នាំ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ Royal Group