អ្នកនាំពាក្យ៖ គ្មានការកាត់ទឹកដី ៤ខេត្ត ឲ្យប្រទេសវៀតណាមដូចការមូលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនឡើយ

អ្នកនាំពាក្យ៖ គ្មានការកាត់ទឹកដី ៤ខេត្ត ឲ្យប្រទេសវៀតណាមដូចការមូលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនឡើយ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា គ្មានការកាត់ទឹកដី ៤ខេត្ត ឲ្យប្រទេសវៀតណាមដូចការចោទប្រកាន់មូលបង្កាច់ពីក្រុមជ្រុលនិយម មួយចំនួនតូចនោះឡើយ។

តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី ២៥ ខែកក្កដានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កេតឃើញថា ទោះបីជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់យ៉ាងច្បាស់ៗ អំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ជូនសាធារណជនជ្រាបកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤រួច ហើយក៏ដោយ ក៏នៅមានមនុស្សមួយចំនួនតូច នៅតែបន្តលើកឡើងដោយបំភាន់ ឬដោយភាន់ច្រឡំដដែល។

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មូលបង្កាច់ពីក្រុមជ្រុលនិយម មួយចំនួនតូចនោះឡើយ។ ក្នុងនោះ ក៏គ្មានការយកខេត្តទាំង ៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជា ដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។

លើសពីនេះទៀត ក៏គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង ៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។ បន្ថែមលើនេះទៀត ក៏គ្មានការអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ ត្រីកោណនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នេះ ធ្វើឡើងតែក្នុងក្របខណ្ឌអាជ្ញាធរប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល អប់រំ សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម ដូចការបញ្ជាក់អស់សម្តេញតជោ ហ៊ុន សែន យ៉ាងច្បាស់លាស់រួចហើយ ដោយមិនពាក់ព័ន្ធនឹងរឿងទឹកដី ឬធនធានធម្មជាតិឡើយ។

ប្រទេស នីមួយៗ រក្សាអធិបតេយ្យភាពជាតិរៀងៗខ្លួន ដោយគ្មានអ្នកណាបំពានបានឡើយ។ ទន្ទឹមនឹងនោះ ក៏គ្មានការអនុញ្ញាតឲ្យមានចលនាចេញចូល របស់ប្រជាពលរដ្ឋដោយសេរី ដូចការលើកឡើងមួយចំនួននោះដែរ ពោលគឺ ប្រទេសនីមួយៗ នៅតែគ្រប់គ្រងនិងរក្សា ឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនស្រប តាមច្បាប់ជាធរមាន ដោយគ្មានការបង្កើតដែនដីថ្មីរួមគ្នាណាមួយ ដូចការលើកឡើងនោះឡើយ៕

អត្ថបទ៖ វីរៈ រូបភាព៖ លោក ប៉ែន បូណា

តាមដានជាមួយយើង៖ Million Times