អង្គការសហប្រជាជាតិ ​អបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្នុងពេលអនាគតដ៏ខ្លី

ប្រទេសកម្ពុជានឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច( LDC) នៅឆ្នាំ២០២៧ ដែលការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាលក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការណ៍នេះអគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានសម្តែងការអបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

លោក អាទល់ ខារ៉េ (Atul KHARE) បានកោតសរសើរអំពីជោគជ័យរបស់កម្ពុជា និងចាត់ទុកកម្ពុជា ជាប្រទេសគំរូដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បណ្ដាប្រទេសជាច្រើន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព បោសសម្អាតមីន និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃចន្ទ ទី២២ កក្កដានេះ លោក អាទល់ ខារ៉េ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព បានថ្លែងកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា​ និងបាន​អបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពេលអនាគតដ៏ខ្លី។

សម្ដេចនាយករដ្ឋមន្រ្តី បានអរគុណអង្គការសហប្រជាជាតិ ដែលបានរួមចំណែកកសាងនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបានគាំទ្រ និងបន្តគាំទ្រកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ បន្ថែមលើនេះ សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តប្ដេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដើម្បីចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព និងបោសសម្អាតមីនមនុស្សធម៌។

នាពេលកន្លងទៅ សម្តេច ហ៊ុន ម៉ាណែត​ បានបញ្ជាក់ថា កម្ពុជាមិនអាចនៅ​ជាប្រទេស LDC​ បានទៀតទេ​ បើទោះបីជា​ឋានៈរបស់ប្រទេស ​LDC មានផលប្រយោជន៍​មួយចំនួន​ក៏ដោយ។​​ តាមប្រមុខ​រដ្ឋាភិបាលកម្ពុជា​រូបនេះដដែល បើ​កម្ពុជាមិនពង្រឹងខ្លួនឯង​ទេ នោះកម្ពុជានឹង​នៅតែពឹងគេអស់មួយ​ជីវិត។ ​ផ្ទុយទៅវិញ បើកម្ពុជា​ពង្រឹងខ្លួនឯង និង​ដាក់ទិសដៅក្លាយជា​ប្រទេសអ្នកមាន ​នោះកម្ពុជាមិនត្រឹមតែ​អាចចាកចេញពី​ប្រទេសក្រីក្រ ឬ​LDC ប៉ុណ្ណោះទេ តែ​កម្ពុជាក៏នឹងក្លាយជា​ប្រទេសអ្នកមាន​នៅឆ្នាំ២០៥០ ​ដែលហ៊ានប្រកួត​ផ្ទាល់ជាមួយគេដែរ​។

ជាមួយគ្នានេះ ​សម្តេចក៏បានសង្កត់ធ្ងន់​ថា ដើម្បី​ឯករាជ្យភាព ​កម្ពុជាត្រូវតែ​ធ្វើខ្លួនឯង​ ប្រឹងខ្លួនឯង​ និងរស់ខ្លួនឯង​ដោយមិនត្រូវការ​ឲ្យមានការ​យោគយល់​ពីអ្នកណាទាំងអស់​ ព្រមទាំង​អាចប្រកួតស្មើគ្នា​ជាមួយគ្រប់ប្រទេស​ទាំងអស់​។ បញ្ហាប្រឈមមួយចំនួនរបស់ប្រទេស LDCs រួមមាន ធនធានក្នុងប្រទេសមានកំណត់, បន្ទុកបំណុលកាន់តែខ្លាំង និងលទ្ធភាពទាញយកប្រយោជន៍ពីទីផ្សារហិរញ្ញវត្ថុ។ ជាដំណោះស្រាយ គឺត្រូវពង្រឹងសមត្ថភាពប្រទេស LDCs ក្នុងវិស័យរដ្ឋបាលពន្ធដារ។ លើសពីនេះ គឺការប្រើប្រាស់ធនធានក្នុងស្រុកប្រកបដោយប្រសិទ្ធភាព, ការទប់ទល់នឹងលំហូរហិរញ្ញវត្ថុខុសច្បាប់, ការចល័តការសន្សំ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។ នេះជាកិច្ចពិភាក្សាដែលបណ្ដាប្រទសអភិវឌ្ឍន៍តិចតួច បានជជែកគ្នាក្នុងសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5)។

តាមការព្យាករ​របស់ធនាគារពិភពលោក​ កំណើនសេដ្ឋកិច្ច​កម្ពុជាសម្រាប់​ឆ្នាំ​២០២៤ គឺ​ស្ថិតក្នុងអត្រា ​៥,៨% ពោល​កើនលើសតិចតួច​ធៀបនឹងឆ្នាំ ​២០២៣ ដែលមាន​ ៥,៦%។ កំណើនសេដ្ឋកិច្ចនេះ​នឹងហក់ឡើងដល់ ​៦,១% ក្នុងឆ្នាំ​២០២៥ និង​៦,៤% ក្នុង​ឆ្នាំ២០២៦ ​ខណៈដែលកម្ពុជា​នឹងត្រូវចាកចេញ​ពីប្រទេស​LDC នៅឆ្នាំ​២០២៧ ខាងមុខ​៕

អត្ថបទ៖​ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី