មានក្រុមហ៊ុនខ្មែរតែ២ប៉ុណ្ណោះស្ថិតក្នុងតារាងបញ្ជីក្រុមហ៊ុនចំនួន ៥០០ក្រុមហ៊ុនដែលគេហទំព័រ Fortune រកឃើញបានកើបលុយបានច្រើនជាងគេបំផុតក្នុងតំបន់អាស៊ី ឆ្នាំ២០២៣ ដែលមានប្រទេសចំនួន ៧ គឺ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី ថៃ សិង្ហបុរី និងកម្ពុជា ខណៈក្រុមហ៊ុនក្នុងស្រុកឡាវ មីយ៉ាន់ម៉ា ព្រុយណេ និងទីម័រ មិនត្រូវបានរាប់បញ្ចូលនោះទេ។
បើតាមគេហទំព័រ Fortune ធនាគារ អេស៊ីលីដា ឈរលើលេខរៀងទី ៣១៥ រកចំណូលបាន ៨២៦.១លានដុល្លារ ចំណេញចំនួន ១៤៨.៤លានដុល្លារ មានទ្រព្យសកម្មចំនួន ៩.៨ពាន់លានដុល្លារ និងផ្តល់ឪកាសការងារបានចំនួន ១៣៥០០នាក់។ អេស៊ីលីដា គឺជាគ្រឹះស្ថានធនាគារខ្មែរដែលជោគជ័យបំផុតក្នុងវិស័យរបស់ខ្លួន ដោយធនាគារនេះបានពង្រីកអាជីវកម្មជាបន្តបន្ទាប់ និងបានបោះជំហានពង្រីកអាជីវកម្មនៅបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ ដូចមាននៅប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។
ចំណែក កាស៊ីណូ ណាហ្គាវើល ឈរលេខរៀងទី ៤៤៩ រកចំណូលបានចំនួន ៥៣៣.៣លានដុល្លារ ហើយចំណេញ ១៧៨លានដុល្លារ ជាមួយនឹងទ្រព្យសកម្មសរុបចំនួន ២,៧៥ពាន់លានដុល្លារ និងផ្តល់ការងារបានចំនួន ៦០៣៨នាក់។ កាស៊ីណូណាហ្គាវើលនៅពេលនេះត្រូវបានគេដឹងថា គឺជាកាស៊ីណូ និងរីសតស្របច្បាប់តែមួយគត់ដែលមាននៅរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌល សេដ្ឋកិច្ច នយោបាយ វប្បធម៌ និងប្រវត្តិសាស្រ្ត។
របាយការណ៍ប្រចាំត្រីមាស ដែលកាស៊ីណូណាហ្គាវើលបានប្រកាសនៅផ្សារហ៊ុននៅកោះហុងកុង បង្ហាញឲ្យឃើញថា នៅត្រីមាសទី១នៃឆ្នាំ២០២៤ កាស៊ីណូណាហ្គារកប្រាក់ចំណូលបានសរុបជាង១៤៥លានដុល្លារ កើនឡើងជិត២៤% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។ ជាមួយនឹងប្រាក់ចំណូលនេះ បានជួយឱ្យកាស៊ីណូនេះទទួលបានប្រាក់ចំណេញមិនទាន់បង់ពន្ធសរុបជាង៨០លានដុល្លារ កើនឡើងជិត៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣កន្លងទៅ។
សូមជម្រាបថា តួលេខខាងលើត្រូវបាន Fortune រាប់បញ្ចូលតែក្រុមហ៊ុនដែលបានប្រកាសរបាយការណ៍ជាសាធារណៈ និងរាយការណ៍ទៅរដ្ឋាភិបាលប៉ុណ្ណោះ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ធនាគារអេស៊ីលីដា