ការដាក់ឈ្មោះមហាវិថី ស៊ី ជីនពីង បង្ហាញពីទំនាក់ទំនងមិត្តភាពដែលមិនអាចបំបែកបានរវាងចិននិងកម្ពុជា

បង្គោលស្លាក «មហាវិថី ស៊ី ជីនពីង» អតីតផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបានរៀបចំពិធីជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដានេះ ដែលចំថ្ងៃបង្កើតខួបលើកទី៦៦ឆ្នាំនៃទំនាក់ទំនងកាទូតកម្ពុជា-ចិន (១៩ កក្កដា ១៩៥៨- ១៩ កក្កដា ២០២៤)។

លោក វ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា ការប្រសិទ្ធនាមឈ្មោះ មហាវិថី ស៊ី ជីនពីង បង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលមិនអាចបំបែកបាន រវាងចិននិងកម្ពុជា។ លោកថា កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងចិននិងកម្ពុជានឹងបន្តបើកស្ថានការណ៍ថ្មី និងសម្រេចបានលទ្ធផលថ្មី។

តាមដានជាមួយយើង៖ Million Times

លោកទូតចិនថ្មីរូបនេះបានថ្លែងថា៖ «ជានិមិត្តរូបថា ប្រជាជនចិន និងកម្ពុជា កាន់ដៃគ្នា យ៉ាងស្អិតរមួត បន្តឆ្ពោះទៅមុខ ជានិច្ច នូវមិត្តភាពប្រពៃណី ដែលបង្កើតឡើងដោយអ្នកដឹកនាំជំនាន់មុនៗ។ ប្រទេសទាំងពីរនឹងជំរុញការប្តេជ្ញាចិត្ត និងកម្លាំងដ៏រឹងមាំ ដើម្បីជំរុញទំនាក់ទំនងចិន-កម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តមជឿជាក់ថា រាជធានីភ្នំពេញនឹងបន្តបញ្ចេញនូវភាពរស់រវើក និងភាពរស់រវើកជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃឧបទ្វីបខាងត្បូង កណ្តាល និងក្នុងតំបន់អាស៊ីអាគ្នេយ៍»។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាបានមានប្រសាសន៍ថា មហាវិថី ស៊ី ជីនពីង គឺជាសក្ខីភាពថ្មីមួយបន្ថែមទៀតរវាងកម្ពុជានិងចិន ដែលបានបង្កប់នូវអត្ថន័យ នៃទំនាក់ទំនងទ្វេភាគីជាប្រវត្តិសាស្ត្រ យូរអង្វែង។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទីប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ការប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង បង្ហាញពីកត្តាញូតាធម៌ និងដឹងគុណ ដល់ប្រជាជននិងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា ជាពិសេស ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រធានរដ្ឋចិន ស៊ី ជីនពីង ដែលបានផ្តល់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជា។

អតីតផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលប្រសិទ្ធនាម មហាវិថី ស៊ី ជីនពីង ដែលមានប្រវែងជិត៥៣គីឡូម៉ែត្រ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែសីហា ឆ្នាំ២០២៣ ឆ្លងកាត់ផ្លូវជាតិលេខ៤ ,ផ្លូវជាតិលេខ៣ , ផ្លូវជាតិលេខ២ ,ផ្លូវជាតិលេខ២១ ,ផ្លូវជាតិលេខ២១A ,ផ្លូវខេត្តលេខ១១០ រហូតដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋ កោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

មហាវិថីនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥២ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែមិថុនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាសាងសង់សរុបជាង ២៧៣លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

អត្ថបទ និងរូបភាព៖ សាង តេជៈ