ថ្មីៗនេះ ក្រុមការងារអន្តរក្រសួងបានពិភាក្សាលើសេចក្តីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា» មុននឹងដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងអនុម័តដាក់ឱ្យអនុវត្តនាពេលខាងមុខ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំ និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងស្របតាមនិន្នាការសកល។
ក្របខណ្ឌនេះ មានគោលបំណងពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិក សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល។
ដើម្បីសម្រេចគោលបំណងខាងលើ ក្របខណ្ឌនេះ ក្រុមការងារអន្តរក្រសួងបានកំណត់គោលដៅក្នុងការបង្កើនការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទន្លេ តាមរយៈការដាក់ចេញនូវវិធានការជាយុទ្ធសាស្រ្ត ដែលគិតគូរអំពី៖ ១. ការកំណត់ទីតាំងកំពង់ផែទន្លេជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និង
២. ការដាក់ចេញនូវសសរស្តម្ភចំនួន ៥ រួមមាន៖ ការពង្រឹងក្របខណ្ឌគតិយុត្ត, ការពង្រឹងយន្តការស្ថាប័ន, ការកំណត់អាទិភាពលើយុទ្ធសាស្ត្រវិនិយោគ, – ការកំណត់ប្រភពហិរញ្ញប្បទាន និងម៉ូឌែលអភិវឌ្ឍន៍ និង ការអនុវត្តបញ្ជីគម្រោងនៃផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកាលពីពេលកន្លងទៅបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣ (CITLS) ដោយរាជរដ្ឋាភិបាលបានសម្រេចលើកិច្ចការអាទិភាពមួយចំនួនពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក រួមជាមួយនឹងជំពូក១៨ និងមាត្រា២៧៥ នៃច្បាប់ដឹកជញ្ជូនតាមផ្លូវទឹកត្រូវបានចូលជាធរមាននៅថ្ងៃទី២៣ ខែមីនា។
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសេដ្ឋកិច្ច