កែសម្រួលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ឲ្យមកនៅកម្រិតទាបបំផុត

ក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ឲ្យមកនៅកម្រិតទាបបំផុត។

កាលពីរសៀលថ្ងៃទី ១៦ ខែកក្កដា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

តាមដានជាមួយយើង៖ Million Times
លោក ស សុខា បានថ្លែងថា ការរៀបចំ​កែសម្រួលសេចក្តីព្រាងច្បាប់...

នៅក្នុងកិច្ចប្រជុំនេះ លោក ស សុខា បានថ្លែងថា ការរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី គឺដើម្បីឲ្យស្របតាមស្ថានភាពជាក់ស្តែង នៃការរីកចម្រើនរបស់ប្រទេសកម្ពុជា និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យមកនៅកម្រិតទាបបំផុត។

ម្យ៉ាងទៀត ក៏ដើម្បីចូលរួមអនុវត្តនូវផែនការសកល ស្តីពី សុវត្ថិភាពចរាចរណ៍របស់អង្គការសហប្រជាជាតិ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបាន ៥០ភាគរយ នៅឆ្នាំ ២០៣០។

គួរឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកថ្មីនេះ ត្រូវបានបន្ថែមថ្មី និងកែសម្រួលចំនួន ៥២មាត្រា លើ ៩២មាត្រា។ ក្នុងនោះ ស្នើឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៤០មាត្រា, ស្នើឡើងដោយក្រសួងមហាផ្ទៃ ចំនួន ៥មាត្រា និងស្នើឡើងដោយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ចំនួន ៧មាត្រា។

នៅក្នុងកិច្ចប្រជុំនេះ លោក ស សុខា បានស្នើក្រុមការងាររបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារនៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបន្តឆ្លងក្រុមការងារបច្ចេកទេស តាមនីតិវិធី ឲ្យបានឆាប់រហ័ស និងឈានដល់ការស្នើសុំដាក់ជូនឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

យោងតាមរបាយការណ៍ក្នុងឆមាសទី ១ ឆ្នាំ ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ១ ៥២០លើក ក្នុងនោះចំនួនអ្នកស្លាប់ចំនួន ៧៩៣នាក់ កើនឡើង ៣៧នាក់ ស្មើនឹង ៥ភាគរយ ចំនួនអ្នករបួស ២ ០៧២នាក់ កើនឡើង ៤៤នាក់ ស្មើនឹង ២ភាគរយ ដែលបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងមហាផ្ទៃ