រកឃើញក្មេងប្រុសអាយុ ៣ឆ្នាំ វិជ្ជមានវីរុសផ្តាសាយបក្សី (H5N1)   

រកឃើញក្មេងប្រុសអាយុ ៣ឆ្នាំ វិជ្ជមានវីរុសផ្តាសាយបក្សី (H5N1)   

ក្មេងប្រុសអាយុ ៣ឆ្នាំ ត្រូវបានរកឃើញថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់ ៥ អ៊ុន ១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសៅរិ៍នេះ បានឲ្យដឹងថា ក្មេងប្រុសរូបនេះ មានទីលំនៅក្នុងភូមិពោធិ៍ ឃុំប្រាសាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។ ក្មេងប្រុសនេះ មានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។

យ៉ាងណាក៏ដោយ បច្ចុប្បន្នស្ថានភាពក្មេងប្រុសអាយុ ៣ឆ្នាំរូបនេះ បានធូរស្រាល និងកំពុងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល ១០ថ្ងៃ មុនចាប់ផ្តើមឈឺ នៅភូមិមានមាន់ទាងាប់ ហើយនៅផ្ទះអ្នកជំងឺបានយកមកធ្វើម្ហូបបរិភោគ ក្មេងប្រុសបានប៉ះពាល់និងកាន់ មាន់ងាប់។

តាមរយៈសេចក្ដីប្រកាសព័ត៌មានេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមយកចិត្តទុកដាក់ប្រុង ប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាព ប្រជាពលរដ្ឋ។  

ម្យ៉ាងទៀតសម្រាប់ប្រជាពលរដ្ឋ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាក ដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង ១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមាន រោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុត ឲ្យបានឆាប់ទាន់ពេលវេលា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសុខាភិបាល​

តាមដានជាមួយយើង៖ Million Times