CRBC ប្រកាសបោះជំហានពង្រីកការវិនិយោគនៅកម្ពុជា ពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿន ២ទៀត

ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានប្រកាសពីការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ពិសេសគម្រោងសាងសង់ផ្លូវល្បឿន លឿន ផ្លូវជាតិ និងស្ពាន។ ការប្រកាសនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី ៥ ខែកក្កដា។

ក្នុងជំនួបនេះលោក យ៉ាង ជៀ បានបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឆាយណា ខមញ៉ូនីខេសិន ខន ស្ត្រាក់សិន (CCCC) ដែលជាក្រុមហ៊ុនជំនាញរចនា សាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅប្រទេសចិន ហើយក៏បានជាប់ចំណាត់ថ្នាក់ទី ៦៣ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥០០ ក្នុងពិភពលោក។

តាមដានជាមួយយើង៖ Million Times

អគ្គនាយកក្រុមហ៊ុន CRBC បានបញ្ជាក់ទៀតថា ក្រុមហ៊ុនរបស់ខ្លួន មានជំនឿចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការធានាលំនឹងសេដ្ឋកិច្ចជាតិ ស្ថិរភាពនយោបាយ និងបរិយាកាសសន្តិសុខ។

ដូច្នេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនចិនមួយនេះ មានភាពកក់ក្ដៅក្នុងការបោះជំហានពង្រីកការវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា ជាពិសេសគម្រោង សាងសង់ផ្លូវល្បឿនលឿន ផ្លូវជាតិ និងស្ពាន តួយ៉ាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ភ្នំពេញ-សៀមរាប និងក្រុងប៉ោយប៉ែតជាដើម។

ក្នុងឱកាសនោះដែរ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះភាពលេចធ្លោរ នៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជារបស់ក្រុម CRBC ពិសេសចុងក្រោយនេះ គឺការអភិវឌ្ឍផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាគម្រោងទី ១ និងជាប្រវត្តិសាស្ត្រនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា នៅក្នុងដដែលនេះ ក៏បានលើកទឹកចិត្តក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ប្រចាំកម្ពុជា ពិនិត្យសក្ដានុ ពលថ្មីៗ ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងមហាផ្ទៃ