៦ខែឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី និងពង្រីកផលិតកម្ម ១៩០គម្រោងក្នុងទុន ៣,២ពាន់លានដុល្លារ

ក្នុងឆ្នាំ២០២៤នេះចំនួនគម្រោងវិនិយោគថ្មី និងពង្រីកផលិតកម្មបន្តកើនឡើង តួយ៉ាងគិតចាប់ពីខែមករា រហូតដល់ខែមិថុនាឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចបានចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក។

របាយការណ៍ចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានគូសបញ្ជាក់ថា បើធៀបនឹងរយៈពេលដូចគា្ននៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។

បើតាម CDC រាជធានីខេត្តដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ រួមមាន៖ ខេត្តកំពង់ស្ពឺ មាន៤៣គម្រោង​, ស្វាយរៀង ៤០គម្រោង, ភ្នំពេញ ២៧គម្រោង និងព្រះសីហនុ ២៤គម្រោង។ បើនិយាយពីប្រភពទុនវិនិយោគវិញ គឺបានមកពីប្រភពក្នុងស្រុកចំនួន ៥០.១៥%, ចិន ៤២.៦៤%, សិង្ហបុរី ២.៩១% និងវៀតណាម ១.៨៥%។

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម