ក្រសួងទេសចរណ៍ដាក់គោលដៅទាក់ទាញទេសចរអន្តរជាតិចំនួន ៦.៤លាននាក់នៅឆ្នាំ២០២៥

ក្រសួងទេសចរណ៍មានចក្ខុវិស័យនៅឆ្នាំ២០២៥ ទាក់ទាញទេសចរអន្តរជាតិបានចំនួន ៦.៤លាននាក់ ជាមួយទេសចរជាតិ ១៦.៧លាននាក់ ហើយនៅឆ្នាំ២០២៦ ទាក់ទាញទេសចរអន្តរជាតិ៧លាននាក់ ជាមួយទេសចរជាតិ១៧លាននាក់។ នៅឆ្នាំ២០២៨ កម្ពុជាក៏មានចក្ខុវិស័យទាក់ទាញទេសចរអន្តរជាតិប្រមាណ៨លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់។

ដើម្បីជំរុញការអនុវត្តការងារនេះក្នុងពេលចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន បានដាក់ចេញនូវ «សសរស្តម្ភយុទ្ធសាស្ត្រចំនួន៥» និង «ការងារគាំទ្រជាអាទិភាពចំនួន៣» ក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ជាតិឱ្យកាន់តែមានវឌ្ឍនភាពតទៅមុខ និងសម្រេចបានកំណើនទេសចរអន្តរជាតិ និងជាតិតាមការគ្រោងទុក។

តាមដានជាមួយយើង៖ Million Times

 ​ក្នុងពិធីសំណេះសំណាលជាមួយ​ថ្នាក់​ដឹកនាំ​-​មន្ត្រី​រាជការ​នៃ​ក្រសួង​ទេសចរណ៍​ នាពេលកន្លងទៅ លោក សុខ សូកេន បានលើកឡើងថា ក្រសួងទេសចរណ៍ក៏នៅមានភារកិច្ចចាំបាច់ និងបន្ទាន់មួយចំនួនទៀតដែលត្រូវបន្តអនុវត្តក្នុងចក្ខុវិស័យអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា សំដៅធ្វើឱ្យកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពទាក់ទាញសម្បូរបែប។

លោកបានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មី ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ជាតិឱ្យកាន់តែមានវឌ្ឍនភាពតទៅមុខ និងសម្រេចបានកំណើនទេសចរអន្តរជាតិនិងជាតិ តាមការគ្រោងទុកនៅឆ្នាំខាងមុខៗទៀត។ លោកបានហៅគំនិតផ្តួចផ្តើមថ្មី ឬផែនការយុទ្ធសាស្ត្រទាំងនោះថា «សសរស្តម្ភយុទ្ធសាស្ត្រទាំង៥ ឬបង្កើន៥-BUILD» និង «ការងារគាំទ្រជាអាទិភាពចំនួន៣ ឬអភិវឌ្ឍ៣-3Ds»។

បើតាមលោករដ្ឋមន្រ្តីសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ឬបង្កើន៥-BUILD រួមមាន៖ ទី១. បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា។ ទី២. បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍កម្ពុជា។ ទី៣. បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុងពាក់ព័ន្ធនឹងការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរឹងនិងទន់ ទី៤. បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរ ដោយផ្អែកលើបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ ឆ្នេរសមុទ្រ និងប្រជាជនខ្មែរ/ភាពជាខ្មែរ ជាពិសេសត្រូវពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ «សេវាមួយ ស្តង់ដាមួយ» និងទី៥. បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

ទន្ទឹមនឹងនេះ ដើម្បីគាំទ្រនិងជំរុញការអនុវត្តសសរស្តម្ភយុទ្ធសាស្ត្រទាំង៥ខាងលើ គឺត្រូវផ្ដោតលើការងារគាំទ្រជាអាទិភាពចំនួន៣ទៀត ដែលលោករដ្ឋមន្ត្រីហៅកាត់ថា អភិវឌ្ឍ៣-3Ds ដូចជាទី១. អភិវឌ្ឍរចនាសម្ពន្ធស្ថាប័ន និងពង្រឹងយន្តការអភិបាលកិច្ចទេសចរណ៍ ទី២. អភិវឌ្ឍបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ និងទី៣. អភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់លើការអប់រំបណ្តុះបណ្តាលសមត្ថភាពជំនាញវិជ្ជាជីវៈ ឆន្ទៈ មនសិការ គុណធម៌ និងសីលធម៌សម្រាប់បុគ្គលិក-និយោជិត និយោជក និងន្ត្រីរាជការ ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍៕

អត្ថបទ៖ សាង តេជៈ រួបភាព៖ ក្រសួងទេសចរណ៍