គិតចាប់ពីខែមិថុនា ឆ្នាំ២០២៤ ដង្កូវហ្វូងនិងរុយស បានបំផ្លាញដំណាំស្រូវ ពោត ដំឡូងមីរបស់ប្រជាកសិករស្ទើរពេញទូទាំងប្រទេសអស់រាប់ពាន់ហិកតា ជាហេតុនាំឲ្យប៉ះពាល់ដល់ការប្រមូលផលយ៉ាងខ្លាំង។
ការផ្ទុះរាលដាលពីដង្កូវហ្វូងឆ្នាំនេះ ដោយសារលក្ខខណ្ឌធម្មជាតិនៅប្រទេសកម្ពុជាមានការប្រែប្រួល រាំងស្ងួត ក្តៅខ្លាំង បានអូសបន្លាយរយៈពេលយូរ អាចបង្ករឱ្យមានភាពងាយស្រួលដល់ការកកើតនិងរាលដាលនៃពពួកដង្កូវហ្វូងយ៉ាងឆាប់រហ័សក្រោយពីមានភ្លៀងធ្លាក់ដើមដៃមក។ យ៉ាងណាក្តី ស្ថានភាពនៃការបំផ្លាញដោយដង្កូវហ្វូងនេះ បានកំពុងស្ថិតនៅក្នុងស្ថានភាពតាមដាន និងអន្តរាគមន៍បន្ត។ ខេត្តដែលរងការប៉ះពាល់រួមមាន ខេត្តសៀមរាប ព្រះសីហនុ ស្វាយរៀង តាកែវ ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ ព្រះវិហារ ឧត្តរមានជ័យ កំពង់ឆ្នាំង បន្ទាយមានជ័យ ផងដែរ។
ក្រោយពីផ្ទុះករណីដង្កូវហ្វូងបំផ្លាញដំណាំស្រូវនៅតាមបណ្តាខេត្តមួយចំនួនមិនទាន់បានប៉ុន្មានផងនោះ ក៏មានករណីថ្មីកើតបន្តទៀត នោះគឺការផ្ទុះឡើងនូវហ្វូងសត្វ រុយ ស កំពុងបំផ្លាញដំណាំស្រូវនៅខេត្តចំនួន៣រួមមាន ខេត្ដព្រៃវែង ស្វាយរៀង និងខេត្ដតាកែវ។
រុយស បំផ្លាញដំណាំស្រូវដោយផ្ទាល់ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ ជាពិសេសនៅពេលព្រឹក ដែលធ្វើឱ្យស្លឹកស្រូវប្រែពណ៌លឿងនិងរួញ ហើយបំផ្លាញខ្លាំងលើស្រូវនៅក្នុងវគ្គលូតលាស់ ជាពិសេសក្នុងដំណាក់សំណាបនិងបែកគុម្ព។ វដ្តជីវិតរុយស មានរយៈពេល១៧-២៤ថ្ងៃ ដែល រុយស ១ក្បាលអាចពងបានចន្លោះពី ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ។
ជាមួយគ្នានេះដែរ មន្ត្រីជំនាញនៃនាយកដ្ឋានការពារដំណាំបានណែនាំកសិករ និងណែនាំអំពីវិធីសាស្ត្រផ្សេងៗក្នុងការការពារនិងកម្ចាត់ រួមទាំបច្ចេកទេសនៃការប្រើប្រាស់ថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ៕
អត្ថបទ៖ នារតី