ថវិកាប្រមាណ ១០០លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានត្រៀមសម្រាប់ប្រើប្រាស់ក្នុងគម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម”។ នេះបើតាមការឲ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅថ្ងៃទី ២ ខែកក្កដានេះ លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីរៀបចំឯកសារទស្សនទានសម្រាប់រៀបចំគម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម”។
ទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម បានឲ្យដឹងថា គម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម” នេះ ត្រូវអនុវត្តន៍ក្នុងរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ ២០២៦តទៅ ដោយប្រើប្រាស់ហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ១០០លានដុល្លារ ក្រោមការគ្រប់គ្រង និងអនុវត្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយក្រសួង និងស្ថាប័នរដ្ឋមួយចំនួនទៀត។
ប្រភពដដែល បានឲ្យដឹងបន្តថា គម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម” នេះ មានគោលដៅរួមចំណែកធ្វើឲ្យសម្រេចគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា និងក្រសួងកសិកម្ម តាមរយៈការចងក្រង និងពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្មទំនើប ទាំងការផលិត ទាំងការតភ្ជាប់ទីផ្សារ ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ច និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
គម្រោងនេះ ក៏មានគោលបំណងរក្សាឲ្យបានតុល្យភាពរវាងតម្រូវការ និងការផ្គត់ផ្គង់ ទាំងទីផ្សារក្នុងស្រុក ទីផ្សារនាំចេញ ការគាំទ្របច្ចេកទេស និងមធ្យោបាយដល់មន្ត្រីកសិកម្មឃុំ ដែលត្រូវបានជ្រើសរើសបម្រើសេវាបច្ចេកទេស និងទីផ្សារដល់សហគមន៍ជនបទ ជាដើម។
លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានបញ្ជាក់ដែរថា គម្រោងនេះ នឹងគ្រោងអនុវត្តនៅតំបន់ប៉ូលសេដ្ឋកិច្ចទី ៤ រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដោយផ្តោតលើកសិផលដែលមានតម្លៃខ្ពស់មួយចំនួនដូចជា៖ អង្ករក្រអូប ស្វាយ មៀនប៉ៃលិន ស្វាយចន្ទី និងជលផលជាដើម ដើម្បីឲ្យស្របនឹងគោលការណ៍របស់ Rice-Fish Economic corridor ផងដែរ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងកសិកម្ម