លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមានការបាញ់កាំជ្រួច និងទូងស្គរទូទាំងប្រទេស។
ការឲ្យដឹងនេះ ស្របពេលដែលលោក ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី ១ ខែកក្កដានេះបានចុះពិនិត្យទីតាំងបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
កាលពីថ្ងៃទី ២៨ ខែមិថុនាថ្មីៗទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើទៅរាជរដ្ឋាភិបាលថា នៅពេលបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ សូមអំពាវនាវឲ្យគ្រប់វត្តអារាមទូងស្គរ និងបាញ់កាំជ្រួច ដើម្បីបង្ហាញពីការគាំទ្រលើកទឹកចិត្ដ សម្រេចការអនុវត្ដនូវគម្រោងនេះ។
នៅក្នុងឱកាសចុះត្រួតពិនិត្យខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹង បើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ខាងមុខ អមដោយការបាញ់កាំជ្រួច និងទូងស្គរទូទាំងប្រទេស ដើម្បីជាការគាំទ្រដល់គម្រោងប្រវត្តិសាស្រ្តនេះ។
លោកបន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។ គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវា និងទំនិញចូល-ចេញ។
ម្យ៉ាងទៀត នឹងធ្វើឲ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន។ គម្រោងនេះ ក៏នឹងចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយគ្រោះទឹកជំនន់ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើន ផងដែរ។
គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ឹងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប និងជាគម្រោងប្រវត្តិសាស្ត្រទី ១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១,៧០០លានដុល្លារ ដែលមានទុនវិនិយោគិនពីជនជាតិខ្មែរចំនួន ៥១ភាគរយ និងបរទេសចំនួន ៤៩ភាគរយ។ គម្រោងនេះ គឺភាគីកម្ពុជាជាអ្នកកាន់ភាគច្រើននៅក្នុងការវិនិយោគ៕
អត្ថបទ៖ វីរៈ រូបភាព៖ លោក ស៊ុន ចាន់ថុល