ជម្លោះដីធ្លីជាង ១ម៉ឺនករណី ត្រូវបានក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់

ជម្លោះដីធ្លីជាង ១ម៉ឺនករណី ត្រូវបានក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់

ជម្លោះដីធ្លីជាង ១ម៉ឺនករណីនៅទូទាំងប្រទេស ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងនៅថ្ងៃទី ២៦ ខែមិថុនានេះ ក្រសួង បានដោះស្រាយបញ្ចប់ករណីវិវាទដីធ្លី ដែលសេសសល់កន្លងមកបានចំនួន ១៣.៣២៩ករណី លើ ១៥.៦៤២ករណី ស្មើនឹង ៨៥,២១ភាគរយ។

តាមដានជាមួយយើង៖ Million Times

ការដោះស្រាយបញ្ចប់វិវាទទាំងនេះ ត្រូវបានអនុវត្តក្នុងយន្តការដែលមានស្រាប់ រួមមាន៖ គណៈកម្មាការសុរិយោដី អជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងារដោះស្រាយទំនាស់ដីធ្លី ដោយឈរលើគោលការណ៍ឈ្នះឈ្នះ ដោយតម្រូវឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម សហការ បន្ថយទំហំ សម្រួលព្រំ ប្តូរទីតាំង និងទទួលបានបណ្ណកម្មសិទ្ធិ។

ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា វិវាទទាំងជាង ១ម៉ឺនករណីនោះ ស្តែងឡើងក្នុងរូបភាពជាប្រភេទការចូលកាន់កាប់ដីមានបណ្ណកម្មសិទ្ធិ បញ្ហាបណ្ណកម្មសិទ្ធិត្រួតគ្នា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីត្រួតគ្នា សំណើសុំចេញបណ្ណកម្មសិទ្ធិលើដីរដ្ឋ ក្នុងដែនគម្របព្រៃឈើឆ្នាំ ២០០២ និងតំបន់ការពារធម្មជាតិ។

ក្នុងនោះដែរ ក៏មានបណ្ដឹងទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិ សំណើសុំអន្តរាគមន៍ដោះស្រាយបញ្ចប់វិវាទ សំណើសុំចាត់មន្រ្តីចុះវាស់វែងកំណត់ព្រំ សំណើសុំធ្វើអធិការកិច្ចលើសំណង់ខុសបច្ចេកទេស សំណើសុំអន្តរាគមន៍ពន្លឿននីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិនិងចេញបណ្ណ វិវាទមិនស្គាល់ព្រំដីនិងច្រឡំភូមិសាស្រ្ត វិវាទដីជាន់ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងការរំលោភលើដីចំណីសាធារណៈជាដើម។

បន្ថែមលើនេះ ក្រសួងរៀបចំដែនដី ក៏បាននិងកំពុងបន្តជំរុញការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ប្រែក្លាយពី បរិយាកាសដីគ្មានវិវាទ ទៅជាប្រភពចំណូលជាតិ និងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីរដ្ឋ និងរៀបចំផែនការប្រើប្រាស់ដី ឲ្យស្របតាមសក្តានុពលនៃភូមិសាស្រ្ត និងធនធានធម្មជាតិ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងរៀបចំដែនដី