ចំនួនកសិករស្រូវមិត្តក្រៀលកើនដល់១២០គ្រួសារ អមដោយផ្ទៃដីដាំដុះ១៤៨ហិចតា

កសិករថ្មីចំនួន២៥គ្រួសារផ្សេងទៀតបានស្ម័គ្រចិត្តចូលរួមធ្វើស្រូវមិត្តក្រៀលដែលនាំឲ្យសហគមន៍នេះបានកើនឡើង១២០គ្រួសារ រួមជាមួយផ្ទៃដីដាំដុះសរុបដល់ទៅ១៤៨ហិចតា។

ចំនួនកើនឡើងនេះមានន័យថា ដីស្រែជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីងសុទ្ធសឹងជាផ្ទៃដីរបស់កសិករស្រូវមិត្ដក្រៀល និងជាតំបន់ទ្រនាប់ដែលមានសុវត្ថិភាព ផ្តល់ចំណីបន្ថែមសម្រាប់សត្វក្រៀលដែលជាសត្វកំពុងរងគ្រោះឈានទៅផុតពូជ។

តាមដានជាមួយយើង៖ Million Times

បើតាមក្រសួងបរិស្ថានបានឲ្យដឹងថា អ្នកស្រី ឆេង សុវណ្ណា ដែលជាប្រធានក្រុមនៃសហគមន៍ស្រូវមិត្ដក្រៀលភូមិអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត លើកឡើងថា កសិករភាគច្រើនដែលរស់នៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង បានចាប់អារម្មណ៍និងចូលរួមជាមួយសមាជិកសហគមន៍ស្រូវមិត្ដក្រៀលដោយយល់ច្បាស់អំពីអត្ថប្រយោជន៍ ដែលពួកគាត់ទទួលបានពីគម្រោងនិងសារៈសំខាន់នៃការចូលរួមអភិរក្សសត្វក្រៀល សម្រាប់សហគមន៍របស់ពួកគាត់ទាំងមូល។

ចំពោះកសិកររជាសមាជិករបស់សហគមន៍ស្រូវមិត្ដក្រៀលត្រូវស្ម័គ្រចិត្តអនុវត្ត លក្ខខ័ណ្ឌទាំង១២ ហើយកសិករដែលអនុវត្តតាមគោលការណ៍បានត្រឹមត្រូវនិងទទួលបានការគាំទ្របច្ចេកទេស ដំាដុះ ជីសរីរាង្គ ពូជស្រូវនិងគម្រោងទទួលទិញស្រូវក្នុងតម្លៃខ្ពស់ជាងទីផ្សារ។

គួររំលឹកថា ក្រសួងបរិស្ថានរួមជាមួយអង្គការពាក់ព័ន្ធបានផ្តួចផ្តើមធ្វើស្រូវមិត្តក្រៀល ក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា។ សត្វក្រៀលដែលជាប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ( IUCN Red List)៕

អត្ថបទ៖ នារតី