ក្នុងនាមជាអ្នកវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងសម្បើមអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ លោក ពុង ឃាវសែ បានគូសបញ្ជាក់ថា អាកាសយានដ្ឋានថ្មីនេះមានតួនាទីយ៉ាងសំខាន់ក្នុងការដើរតួជាច្រកទ្វារថ្មីសម្រាប់ប្រទេសកម្ពុជា តភ្ជាប់ទៅកាន់ពិភពលោក។
ក្នុងពេលទទួលស្វាគមន៍គណៈប្រតិភូ ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វិនិយោគិននៃស្ថាប័នល្បីៗ និងតំណាងពីធនាគារកម្ពុជា តៃវ៉ាន់ និងថៃ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ថ្មីៗនេះ លោក ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អូស៊ីអាយស៊ី មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតេជោមានតួនាទីយ៉ាងសំខាន់ក្នុងការដើរតួជាច្រកទ្វារថ្មីសម្រាប់ប្រទេសកម្ពុជា ក្នុងការតភ្ជាប់ទៅកាន់សហគមន៍អន្តរជាតិ។
លោកកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃអាកាសយានដ្ឋានអន្តរជាតិតេជោក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។
លោកបញ្ជាក់ថា ដោយមានសហការជាមួយដៃគូលំដាប់ពិភពលោកដូចជា Foster and Partners, Heerim Architects និង Changi Airports International ឥឡូវនេះដំណើរការសាងសង់របស់អាកាសយានដ្ឋានអន្តរជាតិតេជោជិតដល់ដំណាក់កាលបញ្ចប់ហើយ។ អាកាសយាន្តដ្ឋាននេះនឹងរួចរាល់សម្រាប់ការដាក់ឲ្យប្រតិបត្តិការនៅចុងខែកុម្ភៈឆ្នាំ២០២៥។
លោកថ្លែងថា៖ «បច្ចុប្បន្នការសាងសង់សម្រេចបាន៧៨ ភាគរយជាមួយនឹងការវិនិយោគសរុបចំនួន១,១៣ ពាន់លានដុល្លារដែលក្នុងនោះ៣៤០,៥ លានដុល្លារត្រូវបានរៃអង្គាសតាមរយៈការចេញមូលបត្របំណុលដល់ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ក្រុមហ៊ុនធានារ៉ាប់រង សាជីវកម្ម និងបុគ្គល»។
ទន្ទឹមនឹងនេះលោកក៏បានបញ្ជាក់ពីតួនាទីដ៏សំខាន់ដែលអាកាសយានដ្ឋានអន្តរជាតិតេជោនឹងដើរតួនាទីជាច្រកទ្វារថ្មីរបស់កម្ពុជា ដោយក្រុមហ៊ុនទន្ទឹងរង់ចាំកិច្ចសហការបន្ត និងស្វាគមន៍ការវិនិយោគមូលបត្របំណុលអាកាសយាន្តដ្ឋានថ្មីពីធនាគារផ្សេងៗគ្នា ខណៈដែលគម្រោងនេះជិតបញ្ចប់។
គួរឲ្យដឹងផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានចាត់ថ្នាក់ជាលំដាប់ថ្នាក់4F ហើយត្រូវបានអភិវឌ្ឍជាបីដំណាក់កាលដែលលាតសន្ធឹងលើផ្ទៃដីសរុប ២.៦០០ ហិចតា ស្ថិតនៅចម្ងាយ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ អាកាសយាន្តដ្ឋាននេះគ្រោងចំណាយថវិកាសម្រាប់ដំណាក់កាលទី១ គឺ១,៥ ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលតម្លៃដីធ្លា៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ OCIC