មេដឹកនាំកម្ពុជាប្រកាសចង់ធ្វើម្ចាស់ការសេដ្ឋកិច្ចដោយខ្លួនឯង

មេដឹកនាំកម្ពុជាប្រកាសចង់ធ្វើម្ចាស់ការសេដ្ឋកិច្ចដោយខ្លួនឯង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈចាកចេញពីប្រទេសអភិវឌ្ឍតិចតួច (LDC) ក្លាយទៅជាប្រទេសអ្នកមានឆ្នាំ២០៥០ ដែលហ៊ានប្រកួតផ្ទាល់ជាមួយគេ ដើម្បីកម្ពុជាដាក់ទិសដៅក្នុងការពង្រឹងខ្លួនឯង។ ការប្រកាសចង់ធ្វើម្ចាស់ការសេដ្ឋកិច្ចដោយខ្លួនឯងរបស់មេដឹកនាំកម្ពុជាធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបបត្រដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសកម្ពុជា បានចាកចេញពីប្រទេសអភិវឌ្ឍតិច កាលពីឆ្នាំ​២០១៩ ដែលកន្លងទៅ នៅពេលកម្ពុជានៅជាប្រទេសអភិវឌ្ឍតិច យើងនៅមានផលប្រយោជន៍មួយចំនួន ក្នុងនោះមានដូចជាការអនុគ្រោះ ការផ្តល់ប្រាក់កម្ចីជាដើម ហើយនៅពេលដែលយើងចាកចេញពីប្រទេសក្រីក្រ គឺគោលការណ៍មួយចំនួន ត្រូវបានដកចេញ ហើយអ្នកខ្លះបានសួរថា ហេតុអ្វីបានជាចាកចេញ ព្រោះអាចនឹងបាត់បង់ផលប្រយោជន៍មួយចំនួនពីការអនុគ្រោះ?

តាមដានជាមួយយើង៖ Million Times

សម្តេចថ្លែងថា៖ « អត់ទេ… យើងមិនត្រូវការរស់ដោយសារការប្រណីរបស់គេទេ យើងត្រូវការរស់ខ្លួនឯង ទើបមានចីរភាព និងខ្លាំង បើយើងរស់ដោយសារគេអនុគ្រោះ ត្រូវតែផ្តល់ប្រាក់កម្ចី យើងមិនអភិវឌ្ឍខ្លួនឯង យើងនៅតែពឹងគេមួយជីវិត។ តែបើយើងពង្រឹងខ្លួនឯង ដាក់ទិសដៅដែលយើងក្លាយទៅជាប្រទេសអ្នកមាន ឆ្នាំ២០២៥ មិនត្រឹមតែចាកចេញពីប្រទេសក្រីក្រ ប្រទេសអភិវឌ្ឍតិចនោះទេ ប៉ុន្តែក្លាយទៅជាប្រទេសអ្នកមានឆ្នាំ២០៥០ ដែលយើងហ៊ានប្រកួតផ្ទាល់ជាមួយគេ ដើម្បីយើងដាក់ទិសដៅក្នុងការពង្រឹងខ្លួនឯង»។

នៅចំពោះមុខនិស្សិត និងអ្នកចូលរួមរាប់រយនាក់ សម្តេចបានពន្យល់ថា ពាក្យថា «យើងចង់ឯករាជ្យ» គឺត្រូវតែធ្វើខ្លួនឯងរស់ដោយខ្លួនឯង មិនត្រូវពឹងលើការអនុគ្រោះយោគយល់ដោយនរណានោះទេ ហើយយើងប្រកួតស្មើភាពគ្នាជាមួយគ្រប់ប្រទេសទាំងអស់។

សម្តេចបញ្ជាក់ថា យើងអាចពឹងគេនៅពេលដែលយើងទន់ខ្សោយ ដើម្បីពង្រឹងខ្លួនរយៈពេលវែង។ ទន្ទឹមនឹងនេះ សម្តេចក៏បានរំលឹកថា ប្រទេសកម្ពុជាកាលពីទសវត្សរ៍៨០ និង៩០ គឺបានពឹងអ្នកដទៃ ប៉ុន្តែពេលនេះយើងពឹងខ្លួនឯងលើគ្រប់វិស័យ។

របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចុះផ្សាយកាលខែមេសា ឆ្នាំ២០២៤ បានឲ្យឹងថា កម្ពុជាមានជំហររឹងមាំ អាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ហៅកាត់ថា LDC នៅឆ្នាំ ២០២៧។ ការវាយតម្លៃរបស់ធនាគារADBធ្វើឡើងដោយផ្អែកទៅលើការពិនិត្យមើលឡើងវិញរយៈពេល៣ឆ្នាំរបស់អង្គការសហប្រជាជាតិ ដែលថា នៅឆ្នាំ ២០២៤  ប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន គឺ១ ៥៩០ដុល្លា ខ្ពស់ជាងកម្រិតស្ដង់ដារដែលកំណត់ថា ជាប្រទេសអភិវឌ្ឍន៍តិចតួច ដែលមានត្រឹម១ ៣០៦ដុល្លា ក្នុងមួយឆ្នាំ។

ADB បានបញ្ជាក់ថា ការឆ្លងផុតនេះនឹងផ្តល់អត្ថប្រយោជន៍រយៈពេលវែង តាមរយៈការបង្ហាញសញ្ញាវិជ្ជមានអំពីការអភិវឌ្ឍន៍ និងស្ថិរភាពដែលជាចំណុចគន្លឹះទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកាន់តែឆាប់រហ័ស។

ទោះបីជាឆ្លងផុតពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា សម្រាប់ធនាគារអភិវឌ្ឍន៍អាស៊ី កម្ពុជាក៏នឹងត្រូវប្រឈមនឹងបញ្ហាប្រឈមមួយចំនួន ដូចជា នៅពេលកម្ពុជាឆ្លងផុតពីបន្ទាត់មួយនេះហើយ នោះកម្ពុជានឹងការបាត់បង់ផលប្រយោជន៍ពាណិជ្ជកម្ម ដូចជាបុព្វសិទ្ធិទទួលបានការលើកលែងពន្ធ និងវិធានដើមកំណើតទំនិញដែលមានលក្ខណៈបន្ធូរបន្ថយ។ ម្យ៉ាងវានឹងប៉ះពាល់ដល់ការនាំចេញសំខាន់ៗ ទៅកាន់សហភាពអឺរ៉ុប ដែលតំណាងឲ្យ១២.៧% នៃការនាំចេញសរុបទាំងអស់ ក្នុងឆ្នាំ២០២៣។

គួរឲ្យដឹងទៀតថា កម្ពុជា និងប្រទេសចំនួន៤៥ ផ្សេងទៀតលើពិភពលោកត្រូវបានអង្គការសហប្រជាជាតិ ដាក់បញ្ចូលក្នុងក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ឬប្រទេសក្រីក្របំផុតរបស់ពិភពលោក តាំងពី១៩៩១៕

អត្ថបទ៖ ផល កុសល