ចាប់តាំងដើមឆ្នាំ រហូតមកដល់ជិតពាក់កណ្ដាលឆ្នាំ ២០២៤នេះ ការទិញ-លក់ខុនដូនៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ បើប្រៀបធៀបនឹងចលនានៃការទិញ-លក់នៅឆ្នាំ ២០១៩។
ឧកញ៉ាបណ្ឌិត សំ សុខនឿន អគ្គនាយកក្រុមហ៊ុន KW SAM SN Group និងជាអ្នកជំនាញផ្នែកអចលនទ្រព្យ បានប្រាប់ Million Times ថា វិស័យអចលនទ្រព្យនៅកម្ពុជា ស្ថិតក្នុងស្ថានភាពដ៏លំបាក ចាប់តាំងពីចុងឆ្នាំ ២០១៩ មកដល់ឆ្នាំ ២០២៤នេះ ក៏នៅតែមិនទាន់ប្រសើរឡើងនៅឡើយដែរ។ សម្រាប់ការងើបឡើងវិញនៃវិស័យអចលនទ្រព្យ ត្រូវពឹងផ្អែកលើប្រភពពីរ គឺប្រភពខាងក្នុងស្រុក និងប្រភពខាងក្រៅស្រុក ហើយការដាក់ទុនវិនិយោគពីក្រៅប្រទេស លើវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែមានការថមថយ។
ឧកញ៉ាបណ្ឌិត សំ សុខនឿន បានបន្តថា ទោះបីជាសេដ្ឋកិច្ចក្នុងស្រុកមានកំណើនយ៉ាងណាក្ដី តែប្រភពដែលនាំឲ្យវិស័យអចលនទ្រព្យស្ទុះងើបឡើង ជាពិសេសទីផ្សារខុនដូនោះ គឺជាការវិនិយោគមកពីក្រៅប្រទេស និងការទិញ ពីជនបរទេស។ ទីផ្សារដ៏ធំរបស់ខុនដូ គឺជាជនបរទេស ពីព្រោះជនបរទេសមិនអាចទិញដីធ្លី ឬក៏លំនៅដ្ឋានជាប់ដីបាននោះទេ តែពួកគេអាចទិញខុនដូ ដែលជាប្រភេទសហកម្មសិទ្ធិ។
អគ្គនាយកក្រុមហ៊ុន KW SAM SN Group បានកត់សម្គាល់ថា រយៈពេល ៥ខែ ពោលគឺចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៤នេះ ការទិញ-លក់ខុនដូនៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ បើប្រៀបធៀបនឹងចលនានៃការទិញ-លក់នៅឆ្នាំ ២០១៩ ដែលធ្វើឲ្យទីផ្សារលក់ខុនដូមានការជាប់គាំងជាខ្លាំង។
លោកថា បរិមាណនៃការសាងសង់លំនៅដ្ឋាន និងខុនដូ ដែលស្ថិតនៅក្នុងតម្លៃមធ្យម និងខ្ពស់ កំពុងមានចំនួនលើសតម្រូវការ។ ដូច្នេះហើយ ត្រូវការពេលវេលាបន្ថែមទៀត ពិសេសការត្រឡប់មកវិញរបស់អ្នកវិនិយោគ និងអ្នកជំនួញ ដែលពួកគេនឹងអាចទិញខុនដូ ឬលំនៅដ្ឋាន ដែលសាងសង់លើសតម្រូវការនោះ។
តែយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកអចលនទ្រព្យរូបនេះ ក៏បានកត់សម្គាល់ឃើញថា ពលរដ្ឋក្នុងស្រុកមួយចំនួន បានចាប់អារម្មណ៍ទិញខុនដូ សម្រាប់ជាលំនៅដ្ឋានរស់នៅ បន្ទាប់ពីអ្នកអភិវឌ្ឍចាប់ផ្ដើមបង្វែរទីផ្សារ មករកអ្នកទិញក្នុងស្រុកវិញ ដោយដាក់លក់ក្នុងតម្លៃទាបជាងមុន។ ដូច្នេះគេអាចសន្និដ្ឋានបានថា ទីផ្សារលំនៅដ្ឋាន និងខុនដូ ដែលមានតម្លៃសមរម្យ នៅតែមានតម្រូវការខ្លះដដែល ខណៈដែលទីផ្សារលំនៅដ្ឋាន និងខុនដូ ដែលមានតម្លៃមធ្យម និងខ្ពស់ គឺមិនសូវមាននោះទេ។
បើតាមអគ្គនាយកក្រុមហ៊ុន KW SAM SN Groupខុនដូនៅកម្ពុជា មានតម្លៃចន្លោះពី ១ ២០០ ទៅ ៣ ៥០០ ដុល្លារ ក្នុង ១ម៉ែត្រការ៉េ ទៅតាមទីផ្សារ និងការរៀបចំរបស់គម្រោងនីមួយៗ។ តម្លៃនេះ បើប្រៀបធៀបនឹងបណ្ដាប្រទេសដទៃ គឺនៅកម្ពុជាខុនដូនូវមានតម្លៃទាបជាងគេនៅឡើយ ដែលនឹងអាចមានតម្រូវការខ្ពស់បន្ថែម នាពេលខាងមុខ៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម