លោក កែវ រតនៈ​៖ កម្ពុជាមិនចាំបាច់ទាល់តែមានថាមពលអគ្គិសនី ១០០ភាគរយ ទើបអាចលក់ចេញទៅក្រៅប្រទេសនោះទេ

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ប្រទេសកម្ពុជា មិនចាំបាច់ទាល់តែមានថាមពលអគ្គិសនី ១០០ភាគរយ ទើបអាចលក់ចេញទៅក្រៅប្រទេសនោះទេ ពោលគឺអាចធ្វើកិច្ចការងារនេះជាបណ្ដើរៗបាន។

តាមរយៈវីដេអូជាង ៣នាទីកន្លះ ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក កែវ រតនៈ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ លោកបានជួបប្រជុំជាមួយមន្ត្រីប្រទេសិង្ហបុរី ពាក់ព័ន្ធនឹងការចង់បង្កើតបណ្ដាញអគ្គិសនីអាស៊ាន (Asean Power Grid) ជាអក្សរកាត់ហៅថា APG។

តាមដានជាមួយយើង៖ Million Times

លោកថា បងប្អូនយើងខ្លះឆ្ងល់ថា តើកម្ពុជាយើងសម្បូរភ្លើងរហូតទៅដល់ លែងខ្វះខាតឬអ្វី បានជាអាចចង់លក់ទៅក្រៅប្រទេស? លោកបំភ្លឺថា ស្រដៀងគ្នាជាមួយនឹងបញ្ហាស្បៀងអាហារ ដូចជាស្រូវអង្ករអញ្ចឹង មិនមែនមានន័យថា កម្ពុជាយើង ក្នុងគ្រួសារម្នាក់ៗហ្នឹង គឺមានស្រូវពេញហៀរហូរជម្រុក ហូបអត់អស់សល់គ្រប់គ្រួសារ ហើយបានយើងនាំចេញអង្ករទៅក្រៅប្រទេស ជាង ១០០ប្រទេស ដូចដែលយើងធ្វើបច្ចុប្បន្ននោះទេ។

ថាមពលក៏ស្រដៀងគ្នាដែរ គឺចំពោះមុខឆ្នាំ ២០២៥, ឆ្នាំ ២០២៦, ឆ្នាំ ២០២៧ គឺអាចមានការប្រឈម ដែលយើងហៅថា អន្តរកាលថាមពល ដោយក្នុងអន្តរកាលនេះ យើងត្រូវដោះស្រាយបញ្ហាចំនួន ៣ ដែលរួមមាន៖ ទី១. បញ្ហារក្សាថ្លៃកុំឲ្យឡើង ហើយបើអាចចុះបានល្អ បើអាច, ទី២. បញ្ហាផ្គត់ផ្គង់កុំឲ្យខ្វះ ប្រសិនបើអាច, ទី៣. ចង់បង្កើនថាមពលបៃតងឲ្យបានច្រើន។

លោក កែវ រតនៈ បានបញ្ជាក់ថា សព្វថ្ងៃនេះ កម្ពុជាយើងមានថាមពលបៃតងប្រមាណ ៦២ភាគរយ ប៉ុន្តែយើងចង់បង្កើនដល់ជាង ៧០ភាគរយ មុនឆ្នាំ ២០៣០ ដើម្បីការពារបរិស្ថាន, យកថាមពលបៃតងនេះ ទៅទាក់ទាញការវិនិយោគពីក្រៅប្រទេស មកបង្កើតជាការងារឲ្យកម្មករ-កម្មការិនី យុវជន-យុវនារី ឲ្យសម្បូរការងារធ្វើជាជ្រើសរើស។

លោកបន្ថែមថា កម្ពុជានៅមានបញ្ហាប្រឈម ដែលត្រូវខិតខំធ្វើការអភិវឌ្ឍ​បន្ថែម ពីព្រោះបើសិនមិនមានការអភិវឌ្ឍទេ ប្រាកដជាខ្វះ។ ដូច្នេះបើមានអ្នកប្រឆាំងចូលចិត្តតែប្រឆាំង មិនឲ្យមានការអភិវឌ្ឍប្រាកដជាខ្វះ តែបើរួមគ្នា គាំទ្រការអភិវឌ្ឍ គាំទ្រសន្តិភាព ដូចដែលបានធ្វើកន្លងមក បញ្ហាខ្វះខាតនឹងត្រូវបានកាត់បន្ថយ។

ម្យ៉ាងទៀត កម្ពុជាមិនចាំបាច់រហូតទាល់តែហូរហៀរ ១០០ភាគរយ បានលក់ថាមពលទៅក្រៅប្រទេសទេ។ បញ្ហានេះមិនចាំបាច់ធ្វើមួយចោលមួយទេ គឺកម្ពុជាអាចខំធ្វើដើម្បីប្រើប្រាស់ក្នុងស្រុកផង ហើយនៅតែបន្តប្រឹងប្រែងដើម្បីជជែកជាមួយបណ្ដាប្រទេសអាស៊ានដទៃទៀត ដើម្បីបង្កើតឱកាសឲ្យកម្ពុជាអាចដំឡើងថាមពលពន្លឺព្រះអាទិត្យ ថាមពលដើរដោយខ្យល់ ថាមពលវារីអគ្គិសនីដើរដោយទឹក ដើម្បីយកថាមពលមួយចំនួន យកទៅលក់ឲ្យបរទេស ដើម្បីបង្កើនចំណូលដល់ប្រទេសជាតិ។

នៅពេលចំណូលបានចូលប្រទេសជាតិច្រើន រាជរដ្ឋាភិបាល អាចដំឡើងប្រាក់ខែជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជួយកម្មករ-កម្មការិនី ជួយទិញថ្នាំសម្រាប់ព្យាបាលជំងឺជូនពលរដ្ឋ ហើយជាពិសេសយកទៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា កិច្ចការទាំងអស់នេះ ជាគោលនយោបាយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺប្រឹងធ្វើដើម្បីខ្លួនឯងផង ហើយក៏បើកផ្លូវឲ្យខ្លួនឯងបង្កើតឱកាសថ្មី អាចថ្ងៃក្រោយពេលដែលខ្សែជាប់គ្នារបស់ប្រទេសអាស៊ាន គឺអាចបង្កើតគម្រោងលក់ភ្លើង (អគ្គិសនី) ដើម្បីយកចំណូលចូលប្រទេសជាតិ។

ជាមួយគ្នានេះ លោក កែវ រតនៈ បានស្នើដល់ប្រជាពលរដ្ឋ ជួយគាំទ្រគំនិតខាងលើនេះ ពីព្រោះការគាំទ្រគំនិតនេះ គឺជាការនាំមកនូវវិបុលភាពថ្មីឲ្យកម្ពុជា ដោយមិនមែនឲ្យអ្នកណាម្នាក់ទេ ពោលគឺឲ្យជាតិខ្មែរទាំងមូលតែម្ដង៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម