គណៈប្រតិភូក្រុមហ៊ុន Otis McAllister បានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងវិស័យកសិកម្ម នឹងពិនិត្យលទ្ធភាពបញ្ជាទិញអង្ករយកទៅចែកចាយលើទីផ្សារសហរដ្ឋអាមេរិកនាពេលអនាគតដ៏ខ្លីខាងមុខ។
អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាគណៈប្រតិភូក្រុមហ៊ុន Otis McAllister មានជំនួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះ។ លោក Patrick Murphy អនុប្រធានប្រតិបត្តិផ្នែកស្រូវ និងធញ្ញជាតិនៃក្រុមហ៊ុន Otis McAllister លើកឡើងថា លោកមើលឃើញអំពីសក្ដានុពលរបស់វិស័យស្រូវអង្ករកម្ពុជា ហើយលោកនឹងបន្តចូលរួមនាំយកអង្ករកម្ពុជាដែលធានាបាននូវគុណភាព និងបរិមាណទទួលយកបាន និងផលិតផលផ្សេងៗទៀតតាមស្ថានភាពជាក់ស្ដែងនៃតម្រូវការទៅទីផ្សារសហរដ្ឋអាមេរិក។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចេញអង្ករធំៗទាំង ១៦ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជាធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុន Otis McAllister ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ជាទិញអង្ករកម្ពុជាចូលទៅផ្សារសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ។
ក្នុងជំនួបដាច់ដោយឡែក ក្រៅពីការជំរុញនាំចេញអង្ករ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើសុំឱ្យលោក Patrick Murphy ពិនិត្យលទ្ធភាពនាំចេញផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មផ្សេងទៀតរួមមានជាអាទិ៍ ម្រេច គ្រាប់ស្វាយចន្ទី និងចេកជាដើម ទៅទីផ្សារសហរដ្ឋអាមេរិកផងដែរ។
យោងតាមតួលេខបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករនៅត្រីមាសទី ១ឆ្នាំ ២០២៤នេះ សម្រេចបានក្នុងបរិមាណ ១៦៦.៤៥១តោន ធ្លាក់ចុះ ៥,៧៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តម្លៃនាំចេញក្នុងត្រីមាសទី ១ឆ្នាំនេះ មានប្រមាណ ១២៣លានដុល្លារអាមេរិក ធ្លាក់ចុះ ២,៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ដែលកាលនោះមានតម្លៃ ១២៦លានដុល្លារអាមេរិក។
អង្ករកម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារ ក្នុងតំបន់ និងពិភពលោក រហូតដល់ ៥៦គោលដៅ។ ក្នុងនោះទីផ្សារទិញអង្ករកម្ពុជា ច្រើនជាងគេ គឺបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ៧៨.៦៧៥តោន, ចិន ៤៣.០៣៩តោន, ប្រទេសសមាជិកអាស៊ាន ២៩.៧១៩តោន និងប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក និងមជ្ឈឹមបូព៌ា ១៥.០១៨តោន។ ប្រភេទអង្ករនាំចេញភាគច្រើនជាអង្ករក្រអូបដែលមានរហូតដល់ជាង ៨១ភាគរយ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ផេកក្រសួងពាណិជ្ជកម្ម និង CDC