ក្រុមហ៊ុនមួយ បង្ហាញបំណងវិនិយោគលើការដំឡើងរថយន្តដឹកជញ្ជូនធុនតូច នៅកម្ពុជា

ក្រុមហ៊ុនមួយ បង្ហាញបំណងវិនិយោគលើការដំឡើងរថយន្តដឹកជញ្ជូនធុនតូច នៅកម្ពុជា

ក្រុមហ៊ុនមួយ បង្ហាញបំណងវិនិយោគលើការដំឡើងរថយន្តដឹកជញ្ជូនធុនតូច នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងអាចនាំចេញក្រៅប្រទេសថែមទៀត។

តាមដានជាមួយយើង៖ Million Times

ការបង្ហាញបំណងនេះ គឺធ្វើឡើងនៅក្នុងជំនួបរវាងលោកស្រី​ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូក្រុមហ៊ុន Jilin Jiqi Longshan Light Vehicle Co., Ltd. នៅរសៀលថ្ងៃទី ៣០​ ខែឧសភានេះ។

នៅក្នុងជំនួបនេះប្រធានក្រុមហ៊ុនខាងលើ បានបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុន លើការស្វែងរកការគាំទ្រពីក្រសួងពាណិជ្ជកម្ម សម្រាប់ឱកាសវិនិយោគលើការដំឡើងរថយ្តដឹកជញ្ជូនធុនតូច នៅតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចឈានដល់ការនាំចេញថែមទៀត នាពេលអនាគត។

លោកស្រី​ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍យ៉ាងកក់ក្តៅ និងស្នើឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពលើការស្វែងយល់បន្ថែមលើនីតិវិធី ក្នុងការស្នើសុំវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបានការលើកទឹកចិត្ត ស្របទៅតាមច្បាប់វិនិយោគរបស់កម្ពុជា។

គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២៤នេះ​ នៅកម្ពុជា​មាន​រោងចក្រដំឡើងរថយន្តចំនួន ៦ រួមមាន៖ ១. រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. ចាប់ផ្តើមប្រតិបត្តិការឆ្នាំ ២០២២, នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG។ ២. រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO., LTD ចាប់ផ្តើមឆ្នាំ ២០២២, នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD។

៣. រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD ចាប់ផ្តើមឆ្នាំ ២០២២, នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI។ ៤. រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD ចាប់ផ្តើមឆ្នាំ២០២៣, នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA។

៥. រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាល, និងកំពុងដំណើរការសាកល្បង។ ៦. រោងចក្ររបស់ TOYOTA TSUSHO MANUFACTURING នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលបានដាក់ឲ្យដំណើរកាលពីថ្ងៃទី ២ ខែឧសភាកន្លងទៅនេះ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម