លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្រោងដឹកនាំគណៈប្រតិភូទៅប្រទេសអាល្លឺម៉ង់ និងអេស្ប៉ាញ ដើម្បីទាក់ទាញវិនិយោគិនប្រទេសក្នុងតំបន់អឺរ៉ុបទាំងពីរ មកវិនិយោគនៅកម្ពុជា នាខែក្រោយនេះ។
លោក ស៊ុន ចាន់ថុល កាលពីព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីបេសកកម្ម របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីការត្រៀមខ្លួនរបស់ភាគីពាក់ព័ន្ធ ក្នុងដំណើរបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្ហាញផ្លូវ ស្តីពី កាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជា ជូនទៅវិនិយោគិននៃប្រទេសចំនួនពីរ ក្នុងសហភាពអឺរ៉ុបគឺ ប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ ស្របតាមការឯកភាពរួមគ្នាកាលពីកិច្ចប្រជុំថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ រវាងលោកឧបនាយករដ្ឋមន្ត្រី, លោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូពា៍ អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូរអន្តរជាតិ (DG INTPA) និងលោកឯកអគ្គរដ្ឋទូត។
បន្ទាប់ពីកិច្ចប្រជុំនេះ គ្រប់បណ្ដាភាគីពាក់ព័ន្ធទាំងអស់ នឹងអញ្ជើញជួបពិភាក្សាកម្រិតបច្ចេកទេសម្ដងទៀត តាមរយៈប្រព័ន្ធអនឡាញ ដើម្បីបង្កភាពងាយស្រួលដល់ដំណើរបេសកកម្មទាំងស្រុង នៅតំបន់អឺរ៉ុបក្នុងឱកាសនេះ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញអំពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការធ្វើពិពិធកម្មវិនិយោគ ដោយធ្វើការទាក់ទាញវិនិយោគិនពីគ្រប់បណ្ដាប្រទេស និងបណ្ដាក្រុមហ៊ុនមានសក្ដានុពលនានា ព្រមទាំងការប្រើប្រាស់ “យុទ្ធសាស្ត្រប្រទេសបូក” (Plus-One Strategy) ជាដើម សំដៅបង្កើនភាពចម្រុះនៃក្រុមហ៊ុនវិនិយោគនៅកម្ពុជា ពិសេសលើកកម្ពស់ការវិនិយោគផ្ទាល់ ពីបរទេសលើវិស័យឧស្សាហកម្មថ្មីៗ ដូចជាគ្រឿងអេឡិកត្រូនិក យានយន្ត គ្រឿងបង្គុំ និងការកែច្នៃម្ហូបអាហារជាដើម។
ចំណែកលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានលើកឡើងអំពីការគាំទ្រដល់បេសកកម្មរបស់លោកឧបនាយករដ្ឋមន្ត្រី អញ្ជើញគោះទ្វារវិនិយោគបង្ហាញនូវសក្ដានុពល និងបច្ចុប្បន្នភាពនានារបស់កម្ពុជាទៅវិនិយោគិននៅសហភាពអឺរ៉ុប ពិសេសក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ ក្នុងខែមិថុនាខាងមុខនេះ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា